ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យសង្វេគណាស់!! បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ សាច់ញាតិកូនចៅ យំសោក គួរឲ្យសង្វេគ ខណៈបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉ូឡាបុកប៉ើងជាច្រើនម៉ែត្រ បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះ វិសាល អាយុជាង៤០ឆ្នាំស្នាក់នៅម្ដុំកន្លែងកើតហេតុខាងលើ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ឌ្រីម សង់ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BQ -2478 ជិះឆ្លងផ្លូវពីលិចទៅកើត ពេលនោះ មានរថយន្តមួយគ្រឿង ម៉ាកកូរ៉ឡា ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 2AA-9573 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកម៉ូតូខាងលើពេញទំហឹងប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ភ្លាមៗនោះដែរ ម្ចាស់រថយន្តមិនអាចបើកទៅមុខបាន ក៏ទុករថយន្តចោលរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកវាស់វែងស្ទួចរថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។

ដោយឡែកសពរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់សាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖