ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ ទួរគី និងរុស្ស៊ី មានភាពរីកចម្រើនក្នុងក​ារស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិស៊ីរី

ចែករំលែក៖

នៅក្នុងជំនួបកំពូលនាពេលកន្លងមក រវាងប្រទេសរុស្ស៊ី អីុរ៉ង់ និងទួរគីនៅក្នុងទឹកដីរុស្ស៊ីទទួលបានជោគជ័យបន្ថែមទៀត ឆ្ពោះទៅរក សន្តិភាពស្ថិរភាពទាំងស្រុង ដល់ប្រទេសស៊ីរី ។

ក្រោយកិច្ចប្រជុំ លោក ពូទីន បាន​និយាយ​ថា ពួកគេបានពិភាក្សាផ្ដោតសំខាន់លើស្ថានភាពក្នុងខេត្តអុីតលីប និង​តំបន​់​ភាគឦសានប្រទេសស៊ីរី ហើយពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការងាររួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងខេត្តអុីតលីប។ លោកពូទីន បានបន្តថា កិច្ច​ខិត​ខំរួមគ្នារបស់រុស្ស៊ី, អុីរ៉ង់ និងទួរគីបានបង្កើតលក្ខខណ្ឌជាទីគាប់ចិត្តមួយ សម្រាប់ការផ្លាស់ប្ដូររបស់ស៊ីរីឆ្ពោះទៅរកការបង្កើតសន្តិភាពឡើងវិញ។ យើងមានជំនឿយ៉ាងមុតមាំថា ស្ថិរភាពនឹងអាចនាំមកកាន់ប្រទេសស៊ីរី តាមរយៈដំណោះស្រាយនយោបាយ និង​ការទូត ដោយផ្អែកលើសេចក្ដីសម្រេច ២២៥៤ របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។

លោក ពូទីន បានបញ្ជាក់ទៀតថា ប្រទេស​​​​​​ទាំង៣ នឹងជួយប្រទេសស៊ីរីផងដែរ ក្នុងការបង្កើតគណៈកម្មាធិការធម្មនុញ្ញ ដែលនឹងដោះស្រាយចំណុចមូលដ្ឋានគ្រឹះ នៃប្រព័ន្ធរដ្ឋនាពេលអនាគតរបស់ស៊ីរី។ ខណៈនោះដែរប្រទេសរុស្ស៊ី, អុីរ៉ង់ និងទួរគី​បានព្រមព្រៀងថា ជុំបន្ទាប់នៃការពិគ្រោះយោបល់នឹងធ្វើឡើង ក្នុងទីក្រុងអាស្តាណាប្រទេសកាហ្សាក់ស្ថាននាដំណាច់ខែមីនា ឬដើមខែមេសាខាងមុខនេះ៕ ម៉េវ សាធី


ចែករំលែក៖