ភ្នំពេញ៖ បុរសម្នាក់ព្រោះតែអំណាចគ្រឿងញៀនចូលពេញខ្លួនធ្វើឲ្យលែងស្គាល់ឪពុកម្តាយបងប្អូនរហូតឈានទៅដល់ប្រើហឹង្សាវាយទៅលើបងប្រុសបង្កើតរបស់ខ្លួន និងដំបងដែកគោល បណ្ដាលឲ្យរងរបួសបាក់ដៃ ។ បន្ទាប់មកបានចាក់សោ បង្ខាំងជនរងគ្រោះរួមទាំងម្ដាយនៅក្នុងផ្ទះ ហើយគំរាមវាយបំបាក់ជើងបើនរណាម្នាក់ហ៊ានចូលទៅជួយ រួមទាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងផងដែរ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់ខ្លួន ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះឈិត ជិនសីហា ហៅយ៉ា អាយុ៣១ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ចំណែកបងប្រុសដែលជាជនរងគ្រោះឈ្មោះឈិត ជិនវិច្ឆិកា ហៅជីត អាយុ៣៣ឆ្នាំមុខរបរជាអ្នកបើកបរ រថយន្តឲ្យលោកមេធាវីម្នាក់ មាន ប្រពន្ធ និងកូន២នាក់ដែររងរបួសបាក់ដៃឆ្វេង និងឈាមពេញខ្លួនហើយអ្នកទាំង២រស់នៅក្នុងភូមិកើតហេតុខាងលើ ។ រីឯស្រ្តីជាម្ដាយមិនបានប្រាប់ឈ្មោះទេ គ្រាន់តែដឹងថាគាត់គឺជាអតីតគ្រូបង្រៀនម្នាក់ ដែលចូលនិវត្តន៍ ហើយគាត់កំពុងមានជំងឺផងដែរ ។
ម្តាយជនរងគ្រោះបានឲ្យដឹងថា គាត់បាននិយាយថា កន្លងមករាល់ពេលផឹកស្រវឹងម្ដងៗ កូនប្រុសដែលជាជនដៃដល់រូបនេះ តែងតែរករឿងជេរប្រមាថរូបគាត់ និងក្រុមគ្រួសារជាញឹកញាប់ ។ ដោយឡែកនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ កូនប្រុសម្នាក់នេះ បានផឹកស្រានៅខាងក្រៅហើយពេលស្រវឹងទើបត្រឡប់ចូលផ្ទះ ។ បន្ទាប់មកបានរករឿងជេរប្រមាថគំរាមសម្លាប់គាត់ជាម្ដាយរួម និងកូនប្រុសដែលជនរងគ្រោះហើយបានជេរបញ្ចោ ស្រែកឡូឡា អស់ដេកអត់ពួននោះទេ ។ រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃកើតហេតុទើបឈប់ហើយចូលដេកប៉ុន្តែភ្លឺមិនទាន់ទេក៏បានក្រោរករឿងជេរបន្តទៀត ។
ប្រភពដដែលបានបន្តថា លុះព្រឹកឡើង ខណៈគាត់កំពុងដេកនៅក្នុងផ្ទះហើយកូនប្រុសរងគ្រោះកំពុងអង្គុយដាក់ចំណីឲ្យមាន់ស្រាប់តែជនដៃដល់កាន់ដំបងឈើ ដែលមានជាប់ដែកគោលធ្វើសកម្មភាពវាយបណ្ដាលឲ្យរងរបួសបែបនេះម្ដង ។ ពេលនោះ ជនរងគ្រោះបានរត់ទៅឲ្យគាត់ជួយហើយគាត់បានបិទ្វារផ្ទះទើបរួចខ្លួនផុតពីសេចក្ដីស្លាប់ បន្ទាប់មកជន ដៃដល់បានចាក់សោពីក្រៅបង្ខាំងគាត់ និងកូនប្រុសរងគ្រោះមិនឲ្យចេញទៅណាឡើយ ។ មិនតែប៉ុណ្ណោះបានបិទទ្វាររបងផ្ទះមិនឲ្យកូនរបស់គាត់ផ្សេងទៀត ចូលទៅជួយគាត់ និងជនរងគ្រោះបាន នោះទេ ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយគ្មាននរណាហ៊ានខូលទៅជួយឡើយព្រោះកូនគាត់ដែលជាជនដៃដល់បានកាន់ដំបងគំរាមវាយបំបាក់ជើងបើហ៊ានចូលទៅជួយ ។ រហូតកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅអន្តរាគមន៏ទើបចាប់ខ្លួនបានរួចនាំខ្លួនទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ