ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សង្ស័យបើកម៉ូតូលឿនពេក

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅកន្លែង​កើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់នៅ​គ្លីនិក​ឯកជន​សង្ស័យអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន ហើយចាប់ហ្វ្រាំងទាំងបង្ខំដួលខ្លួនឯង ។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើង ​កាលពី​វេលាម៉ោង​១ និង៥០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១៩​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​ទល់​មុខ​វត្ត​សុវណ្ណមុនីវង្ស (ហៅវត្ត​អន្លង់​ក្ងាន​)​ តាមបណ្ដោយ​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ ។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​ គេបាន​ឮសំទ្បេង​ម៉ូតូដួល​អូស​យ៉ាងខ្លាំង​ ពេល​នោះក៏មាន​ប្រ​ជាពលរដ្ឋ​ដែល​រស់នៅជិត​កន្លែង​កើតហេតុ​ នាំគ្នាចេញ​ពី​ក្នុង​ផ្ទះ​មកមើល​ ស្រាប់​តែ​ឃើញ​បុរស​​ទាំងពីរ​នាក់​ខាងលើ​ កំពុង​ដេក​ដួល​ស្តូកស្តឹង​នៅលើ​ផ្លូវ​ដោយមាន​រងរបួស​ឈាម​ស្រោច​ពេញ​ខ្លួន​ រួមទាំង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ ហុងដាភីស៊ីអ៊ិច​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HE-9856 ដែល​រងការខូចខាត​ផ្នែកខាងមុខ​យ៉ាង​ដំណំ​ ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ ក៏បាន​រាយការណ៍​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ និង​សមត្ថកិច្ច​មូល​ដ្ឋាន​ ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ជួយសង្គ្រោះ​ ។ បន្ទាប់មកក៏​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ របស់​គ្លីនិក​ឯកជន​សម្ភពរស្មី​បាន​​មក​ដល់​ដឹកបុរសម្នាក់ ដែល​រងរបួស​បែក​ច្រមុះ​សន្លប់​ស្ដូកស្ដឹង​យកទៅសង្គ្រោះ​ភ្លាមៗ​ ។ ដោយទ្បែកជាអរកុស​លបុរស​ម្នាក់ទៀត​ គឺរងរបួស​រយះ.ក​និងបែក​ក្បាល​ បានដាក់​ខ្យល់​ស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ។ ​

នគរបាលជំនាញផ្នែកចរាចរ​ បាន​ឲ្យដឹងថាជនរងគ្រោះ​ទាំង​ពីរ​នាក់​ បាន​បើកបរ​ម៉ូតូ​ខាងលើ​ ធ្វើដំណើរពី​ត្បូង​ទៅ​ជើងតាមបណ្ដោយ​ផ្លូវ​ភ្នំពេញហាណូយ​ ក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុច​កើតហេតុ​ទំនង​ ជាអកហ្សើនិងអ្វី​មួយ​ រួច​ក៏​ចាប់​ហ្វ្រាំងទាំងបង្ខំទើបធ្វើអោយ​ដួលបោកនិងថ្នល់​អូស​ជិត២០០ម៉ែត្រ​តែម្ដង​ទៅ​ ។

សពជន​រងគ្រោះ​ មានឈ្មោះ ហុីម វណ្ណា អាយុ៣៦ឆ្នាំ មុខរបរកម្មក មានស្រុកកំណើតភូមិកោះតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ដោយឡែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ ជំនាញ​ចុះបាន​ធ្វើការ​វាស់​វែង​ យកម៉ូតូ​របស់​ជនរងគ្រោះ ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ដើម្បី​រង់ចាំ​ប្រគល់​ទៅ​សាច់ញាតិ​ជន​រងគ្រោះ​ នៅ​ពេល​ក្រោយ​ ។

ដោយ​ឡែក​សព ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់​នៅក្នុងវត្ត​ទឹក​ថ្លា ​ដើម្បី​ស្វែងរក​សាច់​ញាតិ​ឲ្យ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​៕​ តុង សីហា


ចែករំលែក៖