ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានត្រឹមតែឃាត់មនុស្សប្រុសស្រី៧នាក់ ដែលជាអ្នកកាងឆ្នោតវៀតណាមយីហោ៩៩ របស់ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ យកមកសាកសួរ និងអប់រំណែនាំ តែអត់ចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ វាជារឿងមួយដែលគួរឲ្យចង់សើច បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាលខណ្ឌមានជ័យ ចុះឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ និងដកហូតបានវត្ថុតាងជាក់ស្តែងរួមមាន តុ កៅអី រួមនិងសម្ភារៈកត់កន្ទុយលេខមួយចំនួន ហើយបានត្រឹមតែយកមកសាកសួរ និងអប់រំណែនាំនៅប៉ុស្តិ៍បឹងទំពុន២ មិនព្រមកសាងសុំណុំរឿងចាត់ការតាមច្បាប់ ក្រោយពីទទួលបានព័ត៌មានថា មានមេខ្លោងធំកត់ឆ្នោតវៀតណាមយីហោ៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ បានបញ្ជាកូនចៅឲ្យអុកឡុកកាងនៅតាមទីតាំងកត់ឆ្នោតណា ដែលមិនបានកត់ឆ្នោតឲ្យខ្លួន ។ ប៉ុន្តែជំនាន់លោក តេង លីណូ អធិការខណ្ឌចាស់ដែលទើបនិងចូលនិវត្តន៍ថ្មីៗនេះ កន្លងមកឲ្យតែសមត្ថកិច្ចបង្ក្រាបទីតាំងកត់កន្ទុយលេខដ៏តូចមួយក៏ដោយ ត្រូវតែកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ នេះប្រហែលជាលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យថ្មី ខ្លាចអំណាចរបស់មេឆ្នោតវៀតណាមយីហោ៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ នេះហើយមើលទៅ ឬក៏បានលាភសក្ការៈពីក្រុមមេឆ្នោតទាំងនោះក៏ថាបាន ដែលផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃ​ចន្ទ ១៤កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោយរោងចក្រស៊ីឡាំងហួរ តាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើ បាន​ឲ្យដឹងថា មេខ្លោងធំដែលមានឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ ខាងលើ (ក្នុងរូបភាព ៖ ស្លៀកខោខ្លី ពាក់ស្បែកជើងផ្ទាត់ និងពាក់អាវសយឺតដៃខ្លី) តែងតែបញ្ជាឲ្យបក្ខពួកកូនចៅរបស់ខ្លួន មានទាំងប្រុសទាំងស្រី ដើរអុកឡុកកាងនៅតាមទីតាំងកក់ឆ្នោតនានា ដែលមិនបានកត់ឆ្នោតវៀតណាមឲ្យខ្លួនជាប្រចាំ ទោះទីតាំងទាំងនោះកត់ឆ្នោតស្របច្បាប់ក៏ដោយ ប៉ុន្តែបើទីតាំងណាដែលព្រមកត់ឆ្នោតឲ្យខ្លួននោះ គឺពួកគេមិនទៅអុកឡុកឬបង្ករឿងនោះឡើយ ។ តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ ពេលដែលសមត្ថកិច្ច ចុះនាំខ្លួនមនុស្សទាំងប្រុសស្រីទាំង៧នាក់ខាងលើ សមត្ថកិច្ចមិនបានធ្វើការនាំខ្លួនបុរស ដែលមានងារជាឧកញ៉ា ពន្លឺ ដែលជាមេឆ្នោតវៀតណាមយីហោ៩៩ ដ៏ធំនៅក្នុងរាជធានីភ្នំពេញនោះទេ ទោះបីជាបុគ្គលដែលមានងារជាឧកញ៉ា ពន្លឺ នេះនៅឈរត្រង់ចំណុចកើតហេតុពេលដែលសមត្ថកិច្ចចុះទៅក៏ដោយ។

ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបាន តុ កៅអី និងសម្ភារៈកត់ឆ្នោតមួយចំនួនធំទៀតផង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំណែនាំ ជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យបញ្ឈប់ការកត់ឆ្នោតវៀតណាមខុសច្បាប់ខាងលើនេះបន្តទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋបានកើតមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំង៧នាក់នេះបានយកមកសាកសួរហើយ បែរជាសមត្ថកិច្ចទទួលបទបញ្ជាពីថ្នាក់លើ ធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញ ទាំងដែលបក្ខពួកកូនចៅរបស់លោក ឧកញ៉ា ពន្លឺ នេះ តែងតែបង្កការអុកឡុក កាងគ្រប់ទីតាំងដូចមានតែឯង ។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងលួចបើកបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។ គម្រោងនៃការ មានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែល កន្លែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)មួយចំនួនបានបំ​ភ័ន្ត​ភ្នែកសមត្ថកិច្ច ដោយដាក់យីហោកត់ឆ្នោតជាតិ(ខ្មែរ)តែកត់ឆ្នោតវៀតណាមទៅវិញ ។

ការមានវិធានការបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ជាមួយអាជ្ញាធរខណ្ឌទាំង១២ និង​ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដូចជា​តំណាង ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ជាដើម នៅសាលា​រាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។

បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាប មាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិន បង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មាន ខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើប ធ្វើមិនដឹង ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕ ស តារា


ចែករំលែក៖