ព័ត៌មានទាន់ហេតុការណ៍៖

ដូចអ្វី ដែលគ្រោងទុក កម្ពុជា និងថៃ ធ្វើបរិស្ថានរួមគ្នា

ចែករំលែក៖

ប៉ោយប៉ែត៖ ដូចអ្វីដែលគ្រោង ក្នុងការជំនួបគ្នា នាពេលកន្លងមក កម្ពុជា ថៃ បានធ្វើបរិស្ថានរួមគ្នា ក្នុងនោះ មានមន្ត្រីរាជការ សិស្សានុសិស្ស បើកយុទ្ធនាការហែក្បូនថែរក្សា បរិស្ថាន ជាលើកទី២ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើស្ពានព្រំដែនមិតភាព កម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ក្លងលឹក (ថៃ) នៅក្នុងទិវា បរិស្ថានរួម បានធ្វើឡើងដូចអ្វីដែលភាគីទាំងពីរគ្រោងទុក កាលពីជំនួបប្រជុំកន្លងមក ។

ដោយខាងកម្ពុជា ដឹកនាំដោយលោក សាន ស៊ានហូ អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក ខឹម ចិត្រា ប្រធានស្នាក់ការអន្តោប្រវេសន៍ ច្រកទ្វារព្រំដែន អមដោយមន្ត្រី សមត្ថកិច្ច ជំនាញពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត មន្ត្រីច្រកទ្វារ និងសិស្សានុសិស្ស ប្រមាណជិត៨០០ នាក់ ។

ចំណែកខាងភាគីថៃ ដឹកនាំដោយអភិបាលខេត្តស្រះកែវ វីឈីត ឆាតផៃស៊ី និងអភិបាលស្រុកអារញ្ញ និងមន្ត្រីរាជការសមត្ថកិច្ច របស់គេប្រមាណ១ពាន់នាក់ផងដែរ ។

បន្ទាប់មក ភាគីទាំង២ បោសសម្អាតនៅបរិវេណព្រំដែន និងចុះរើសសំរាមរួមទាំងកាត់សម្អាតក្រោមស្ពានព្រំដែន និងក្នុងអូរព្រំដែន ។ តាមជំនួបប្រជុំរវាងអាជ្ញាធរក្រុងប៉ោយប៉ែត និងស្រុកអារញ្ញា(ថៃ) នាពេលថ្មីៗ លើទឹកដីថៃ ភាគីទាំង២ ផ្តោតសំខាន់លើបរិស្ថានជុំវិញបរិវេណ ច្រកទ្វារព្រំដែន នៃប្រទេសទាំង២ ដែលមានសំរាមច្រើន ក្រោមស្ពានមិត្តភាព ធ្វើឲ្យប៉ះពាល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ និងធ្វើឲ្យបាត់បង់នៅមុខមាត់ប្រទេសទាំង២ ។

ក្នុងនោះ លោកអភិបាលរង ក្រុងប៉ោយប៉ែត ទូច មុន្នី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្រុងប៉ោយប៉ែត ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា នាំគ្នាចូលរួមថែរក្សា បរិស្ថាននៅតាមទីសាធារណៈ ក៏ដូចជាទីកន្លែងរមណីយដ្ឋានផ្សេងៗ ក្រោយពីការទទួលទានរួច ត្រូវនាំគ្នាវេចខ្ចប់យកសំណល់ទាំងនោះ ទៅដាក់ក្នុងធុងសំរាមដែលមាន ឬដាក់ទីតាំងដែលងាយស្រួលក្រុមហ៊ុនអនាម័យមកប្រមូល ។

ការលើកឡើងនេះ បន្ទាប់ពីភាគីកម្ពុជា ថៃ សហការគ្នារៀបចំបោសសម្អាត អនាម័យដើម្បីបរិស្ថានក្រោមស្ពានព្រំដែន ច្រកទ្វារអន្តរជាតិ នៃប្រទេសទាំង២ និងខិតខំសម្អាតបរិស្ថាន ជាពិសេសអមសងខាងផ្លូវជាតិ ដែលក្រុមការងារបានបាញ់សម្អាតឲ្យល្អប្រសើរ ធ្វើអស់មួយចំនួនហើយ ប៉ុន្តែក្រោយពីបានពិភាក្សាយកគោលដៅមួយ ព្រោះកន្លងមក ភាគីទាំងពីរមិនដែលបានធ្វើនោះទេ ក្រោយមកបាននាំមន្ត្រីរាជការមកត្រួសត្រាយ សម្អាត ដែលបរិស្ថានរបស់យើង ពេលនៅរដូវវស្សា នៅក្រោមស្ពាន មានទឹកហូរចូលតាមអូរ ធ្វើឲ្យសំរាមកកស្ទះ ទឹក ដូច្នេះ ជាការអំពាវនាវ ក្នុងនាមលោកជាអភិបាលរង ក្រុងប៉ោយប៉ែត សូមឲ្យប្រជាពលរដ្ឋទាំងអស់ ហាមបោះសំរាមចូលទៅក្រោមស្ពានមិត្តភាព កម្ពុជា ថៃ ក៏ដូចជាតាមផ្លូវទីសារណៈ ជាដើម ព្រោះការពារបរិស្ថាន គឺការពារសុខភាពយើងទាំងអស់គ្នា ៕ វណ្ណា


ចែករំលែក៖