ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចម្នាក់ ត្រូវប៉ូលិសស្រុកមុខកំពូលចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ ពលរដ្ឋជិតបាន២ថ្ងៃ ខណៈដែលជនសង្ស័យមកពីដើររាំធុងបាសគេក្នុងភូមិ ។ ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១០នាទី ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប៉ូលិសស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ខុន បញ្ញា ភេទប្រុសអាយុ២២ឆ្នាំ រីឯជនរងគ្រោះឈ្មោះ សៀង ថន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់កាហ្វេ ។ ជនសង្ស័យ និងជនរងគ្រោះមានទីលំនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ វត្ថុតាងដកហូតបានមានម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង ធុន៩០ ពណ៌ស្កគ្មានស្លាកលេខ ។
ប្រភពដដែលបន្ដថា តាមការឲ្យដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ១៩ ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ខ្លួនបានយកម៉ូតូរបស់ខ្លួនទុកនៅខាងមុខផ្ទះ ហើយចូលទៅក្នុងផ្ទះបាត់ទៅ លុះមួយសន្ទុះក្រោយមកចេញពីក្នុងផ្ទះមកវិញក៏ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន ដោយសង្ស័យថា ម៉ូតូត្រូវចោរលូច ហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសប៉ុស្ដិ៍ស្វាយអំពារ ។
ក្រោយពីប៉ូលិសបានទទួលពាក្យបណ្ដឹងរួច ប៉ូលិសក៏បានស្រាវជ្រាវ និងស៊ើបអង្កេត រហូតមកដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៩ ខែឆ្នាំដដែល ប៉ូលិស និងប្រជាការពារបានចេញល្បាតក្នុងការពារសន្ដិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ដ ក៏ស្រាប់តែឃើញម៉ូតូរបស់ជនរងគ្រោះដែលបាត់នោះនៅផ្ទះជនសង្ស័យ ភ្លាមនោះក៏ហៅជនរងគ្រោះមកផ្ទះជនសង្ស័យ ដើម្បីបញ្ជាក់ថា តើម៉ូតូនេះជារបស់ជនរងគ្រោះពិតឫក៏មិនពិត ។ បន្ទាប់ជនរងគ្រោះឆ្លើយថាម៉ូតូខាងលើនេះពិតជារបស់ខ្លួនដែលបាត់ប្រាកដមែន ភ្លាមនោះប៉ូលិសក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាងមកសាកសួរនៅប៉ុស្តិស្វាយអំពារដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពលួចបានចំនួន២លើក ដែលលើកទី១ នៅឆ្នាំ២០១៧ ខ្លួនធ្លាប់លួចកាំភ្លើង AK ស្វ័យបត់នៅប៉ុស្តិស្វាយអំពារ ហើយយកទៅទំលាក់ចោលនៅភូមិចុងព្រែក ឃុំរកាកោងទី២ ក្រោយមកក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការជូនប៉ុស្តិ៍ស្វាយអំពារទៅយកមកវិញ លើកទី២ នៅថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៩ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនសង្ស័យខាងលើបានមួយគ្រឿង មុននឹងខ្លួនបានធ្វើសកម្មភាពលួច មុនដំបូងខ្លួនបានទៅមើលធុងបាសគេនៅឡឥដ្ឋឈ្មោះ ហេង នៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ លុះត្រឡប់មកផ្ទះ វិញ ខណៈដើរមកដល់ផ្ទះជនរងគ្រោះ ក៏ស្រាប់តែឃើញម៉ូតូជនរងគ្រោះទុកនៅមុខផ្ទះ ដោយមានសភាពស្ងប់ស្ងាត់ ពុំមានមនុស្សនៅ ខ្លួនបានលួចបណ្តើរម៉ូតូនោះចេញពីខាងមុខផ្ទះ បាន ប្រហែល៥០ម៉ែត្រ ទើបកាច់សោរធាក់បញ្ឆេះជិះយកមកផ្ទះរបស់ខ្លួន(ជនសង្ស័យ) ។
លុះព្រឹកឡើង ថ្ងៃទី១៨ ខែកុម្ភៈ ខ្លួនបានយកម៉ូតូជនរងគ្រោះជិះទៅមើលស្រែប្រាំង រហូតដល់ល្ងាចទើបជិះត្រឡប់មកផ្ទះវិញ ហើយព្រឹកថ្ងៃទី១៩ ខ្លួនក៏បានជិះម៉ូតូនេះ ទៅមើលស្រែប្រាំងម្ដងទៀត ដល់ម៉ោង១៩ទើបត្រឡប់មកវិញ ដោយទុកម៉ូតូនៅលើផ្លូវលំមុខផ្ទះ លុះមកដល់ម៉ោង២១ និង៣០នាទី ប៉ូលិស និងប្រជាការពារ បានល្បាតក៏ឃើញម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យទុកនៅខាងមុខផ្ទះ រួចក៏សាកសួរ និងត្រូវប៉ូលិសឃាត់ខ្លួនបានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានប៉ូលិសជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ