ខេត្តសៀមរាប៖ បទល្មើសដាក់សម្រាស់ពេញដៃព្រែក ធ្វើឲ្យប្រជានេសាទ រាយការណ៍មកថា មានការកាប់ព្រៃលិចទឹកជាជម្រក ត្រីពង កូន យកមកធ្វើជាសម្រាស់ដាក់ចូលក្នុងទឹកព្រែក ដើម្បីឲ្យត្រីកុំគ្នា ទើបគេយកសាច់អួន មកព័ទ្ធទំហំ ចាប់យកត្រីទាំងតូចទាំងធំ ដោយគ្មានការបង្រ្កាប ពីជំនាញជលផលឡើយ ។
ប្រភពច្បាស់ការបានឲ្យដឹងថា ការកាប់បំផ្លាញព្រៃលិចទឹកយកមកធ្វើជាសម្រាស់ យ៉ាងច្រើនស្អេកស្កះនោះ គឺស្ថិតនៅ ចំណុចស្ទឹងកំបុត ចំណុចចងសេះ ចំណុចឆៃកបាន ក្នុងតំបន់អភិរក្ស ចងសេះ ក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងដែនគ្រប់គ្រងរបស់ លោក សុខគុណ ប្រធានសហគមន៍ ចងសេះ និងលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអណ្លងសំណរ ។
បើយោងតាមប្រភពព័ត៌មានពី ប្រជានេសាទបានឲ្យដឹងថា អ្នកដែលកាប់បំផ្លាញព្រៃលិចទឹកនោះមាន ឈ្មោះតា កាវ លោក សែម លោក រិទ្ធ រួចយកមកដាក់ ពាសពេញព្រែក បិទផ្លូវស្ទើរតែបើកកាណូតមិនកើត តែកន្លងមក ក៏មានកាណូតជាច្រើនគ្រឿងធ្លាប់ធ្លាយបាតដោយសារសម្រាស់ទាំងនេះ រហូតមកដល់ពេលនេះ គេមិនឃើញមានមន្រ្ដីជំនាញចុះបង្រ្កាបនោះទេធ្វើឲ្យ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាប់ពាក់ព័ន្ធផលប្រយោជន៍ ព្រោះនៅពេលសមត្ថកិច្ចផ្សេងៗចុះទៅម្ដងៗតែងតែសួររកឈ្មោះ ជាអ្នកមានឈ្មោះបោះសំឡេងនៅទីនោះ ក្នុងការរកប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន បញ្ហាខាងលើនេះ ពួកគាត់សូមសំណូមពរតាមរយៈការផ្សព្វផ្សាយ ដើម្បីឲ្យមន្រ្តីជំនាញ ឬស្ថាប័នមេត្តាចុះពិនិត្យបទល្មើសជាក់ស្ដែង និងចាំបាច់ត្រូវតែបង្រ្កាបជាពិសេស ដើម្បីងាយស្រួលក្នុងការនេសាទជាលក្ខណៈគ្រួសារ និងជាពិសេសជាងនេះងាយស្រួល ក្នុងការចរាចរណ៍ទៅវិញទៅមក។
ពាក់ព័ន្ធនឹងការរិះគន់នេះលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអណ្លងសំណរ បានឆ្លើយ ដោយមិនទទួលខុសត្រូវថា សុំឲ្យអ្នកកាសែតសម្ភាសន៍ លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលទៅ លោកមិនហ៊ានផ្ដល់បទសម្ភាសន៍ទេ លុះត្រា មានការអនុញ្ញាតពី លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលសិន ។
មហាជនហាក់ដូចជាមានមន្ទិលសង្ស័យថា តើមានអ្វីជា អាថ៌កំបាំង ទើបលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផល ហាមឃាត់ មន្រ្ដីរបស់ខ្លួន មិនឲ្យឆ្លើយតបនឹងបទសម្ភាសន៍ បើបទល្មើសជាក់ស្ដែង បានកំពុងកើតមានក្នុងដែនគ្រប់គ្រងរបស់លោក ឬក៏មន្រ្ដីជលផល មានភាគហ៊ុនជាមួយឈ្មួញដែលកំពុងប្រព្រឹត្តបទល្មើស?
ពាក់ព័ន្ធនឹងការរិះគន់នេះ មិនអាចសុំការសម្ភាសន៍ពី លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផល បានទេ ដោយគ្មានលេខទូរស័ព្ទ តែទោះយ៉ាងណា ក្រុមការងាររង់ចាំទទួលការបកស្រាយពីលោ កគ្រប់ម៉ោងធ្វើការ ៕ ប៊ុនរិទ្ធី