ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋប្រទះ ឃើញបុរសរត់កង់បីម្នាក់ ត្រូវបានជនសង្ស័យដាក់ថ្នាំលួចយកលុយអស់ជាង១០ម៉ឺនរៀល និងមានសុខភាពមិនប្រក្រតីត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកយកទៅព្យាបាល ខណៈដេកលើកង់បីតាម ចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះបានកើត ឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរង្វង់មូលចោមចៅ ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះខាងលើឈ្មោះ លី ឡេង ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីខ្មែរ មានទីលំនៅមិនច្បាស់លាស់ ដោយមានប្រពន្ធរស់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ដោយបែកបាក់គ្នាយូរហើយ ។
បើតាមប្រភពព័ត៌មានពីនាក់រត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់បី ដែលចតនៅទីតាំងខាងលើ បានអោយដឹងថា នៅយប់ថ្ងៃទី១៩ មុនកើតហេតុមួយថ្ងៃ ដោយដឹងថា មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានមកសុំសម្រាកនៅលើកង់បីរបស់គាត់ចំនួនមួយយប់ លុះនៅវេលាម៉ោង៤ទៀបភ្លឺ ដោយឃើញបុរសម្នាក់ដែលសុំខាងលើដើរចេញទៅបាត់ ។
ប្រភពព័ត៌មានពីនាក់នៅកន្លែងកើតហេតុបានបន្តទៀតថា ខណៈភ្លាមៗនោះ ដោយដឹងថា ជនរងគ្រោះខាងលើមានអាការស្លេកស្លាំងដាក់ខោផងដែរ ហើយពួកគាត់ក៏សួរនាំ តែ ជនរងគ្រោះបាននិយាយប្រាប់ថា គាត់ពុលស្វាយហូបតាំងពីម្សិលមិញ ។
ប្រភពបានបន្តទៀតថា លុះក្រោយមកដោយដឹងថា រូបគាត់បានបាត់កាបូបលុយអស់សរុប ជាង១០ម៉ឺនរៀល ដោយលុយនៅនឹងខ្លួនពុំមានសល់នោះឡើយ ។ លុះបន្ទាប់មកឃើញគាត់ ដេករហូតទោះបីនាក់រត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កកង់បីធ្លាប់ស្គាល់ រកទិញថ្នាំអោយគាត់ហូប តែគាត់បាននិយាយថា មិនអីទេ បានធូរស្បើយហើយ តែគាត់នៅដេករហូត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅដែលប្រចាំការនៅកន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះរបស់ពេទ្យបង្អែកពោធិ៍ចិនតុងដឹកយកទៅព្យាបាលភ្លាមៗផងដែរ ៕ សុខាសែនជ័យ