ភ្នំពេញ៖ កម្លាំងចម្រុះមក ពីស្ថាប័នអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ស្ថាប័នកាំកុងត្រូល បសុពេទ្យរាជធានីភ្នំពេញ និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ ទីតាំងឃ្លាំងស្តុក និងចែកចាយសាច់មាន់ ដែលសង្ស័យថា មានលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ រួមនិងទំនិញជាច្រើន មុខទៀត ដែលជនជាតិចិន នាំចូលពីប្រទេសចិនយក មកស្តុកទុកក្នុងឃ្លាំងដើម្បី ចែកចាយលើទីផ្សារ ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងឃ្លាំងមួយកន្លែង ដែលជនជាតិចិនជួលដើម្បី ស្តុកទំនិញ មានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជាលទ្ធផលកម្លាំងចម្រុះ រកឃើញទំនិញជាច្រើនមុខរួមមាន ខ្លាញ់ដុំ១៥០កេស ទឹកជ្រលក់ ម្សៅសម្រាប់បំពងសាច់ ចាហួយសម្រាប់ធ្វើតែគុជ ទឹកផ្លែឈើ ទឹកដំណាប់អំពិល និង ទំនិញជាច្រើនមុខទៀត ក្នុងកម្លាំងចម្រុះឃ្លុំបេសាច់មាន់២កុងតឺន័រទម្ងន់ជាង៤០តោន ព្រោះសង្ស័យថាមានលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ ហើយត្រូវបានសមត្ថកិច្ចកាំកុងត្រូល និងបសុពេទ្យយកសាច់មាន់ទៅកាន់មន្ទីរពិសោធន៍ ចំពោះមុខទំនិញ មួយចំនួនទៀតក៍ត្រូវបានយកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ផងដែរ ។
លោកមុត ពលី អនុប្រធានការិយាល័យបសុព្យាបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមការត្រួតពិនិត្យរបស់កម្លាំងចម្រុះរកឃើញថា ម្ចាស់ទីតាំងជាជនជាតិចិនជួលឃ្លាំងស្តុកទំនិញដើម្បីចែកចាយនេះគ្មានច្បាប់អនុញ្ញាតិឲ្យធ្វើអាជីវកម្មនោះឡើយ ចំពោះច្បាប់ទីតាំងក័គ្មាន និងច្បាប់នាំចូលក៍គ្មានដែរ គឺជាទីតាំរកស៉ីអត់ច្បាប់ ចំពោះចំណាត់ការយ៉ាងណានោះសមត្ថកិច្ចចម្រុះនិងប្រជុំពិភាក្សាគ្នា។
ដោយឡែកលោកគង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានឲ្យដឹងថា មុខទំនិញទាំងអស់ដែលកម្លាំងចម្រុះរកឃើញស្តុកទុកនៅក្នុងឃ្លាំងនេះគឺនាំចូលតាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង់ពន្ធត្រឹមត្រូវតាមច្បាប់ តែច្បាប់ធ្វើអាជីវកម្ម និងច្បាប់នាំចូលគ្មាននោះឡើយនិយាយរួមទំនិញទាំងអស់នៅក្នុងឃ្លាំងគ្មានច្បាប់អាជីវកម្មនោះឡើយ ។ ក្នុងនោះ មុខ ទំនិញមួយចំនួនមិនមានទីតាំងផលិតនិងឆ្នាំផលិតច្បាស់លាស់ ដោយឡែកសាច់មាន់ ជង្គង់មាន់ និងភ្លៅមាន់ ត្រូវយកទៅពិនិត្យគុណភាពនៅមន្ទីរពិសោធន៍រកសារធាតុគីមី បើគ្មានសារធាតុគីមីហាមឃាត់ទេនោះ សមត្ថកិច្ចនិងអនុញាតិឲ្យចែកចាយលើទីផ្សារឡើងវិញ តែបើរកឃើញថាមានសារធាតុគីមី សមត្ថកិច្ចនឹងរឹបអូសយកទៅកំទេចចោល ។ ដោយពិនិត្យឃើញថាមុខទំនិញទាំងអស់គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ឥឡូវនេះកម្លាំងចម្រុះសម្រេចបិទមិនឲ្យចែកចាយលើទីផ្សារជាបណ្តោះសន្ន ចំណែកកុងតឺន័រដែលក្លាសេសាច់មាន់ និងដំឡូងបារាំង ត្រូវសមត្ថកិច្ចចម្រុះឃ្លុំបេទុកជាបណ្តោះអាសន្នរងចាំចេញលទ្ធផលពីមន្ទីរពិសោធន៍ ដោយឡែកម្ចាស់ទីតាំង មិនត្រូវបានចាប់ខ្លួនឡើយ ៕ សណ្តោស