ភ្នំពេញ៖ នៅព្រឹកថ្ងៃប្រហស្បតិ៍ ទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីនាទីដល់ម៉ោង ១១និង០០នាទី បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលសាលារាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ, លោក អេម សម្បត្តិ ប្រធានការិយាល័យសណ្ដាប់ធ្នាប់ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ សហការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជាមួយការិយាល័យសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះនរោត្តម ជាពិសេសធ្វើការហាមឃាត់យានយន្ដគ្រប់ប្រភេទមិនអោយមានការឈប់ចតនៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងសងខាងផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងជាផ្លូវសម្រាប់ជនពិការផងដែរ ។
ឈរលើស្មារតីនេះ រដ្ឋបាលខណ្ឌដូនពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន ឬសាធារណៈជនទូទៅដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈខាងលើនេះ ក្នុងការឈប់ចតយានយន្តគ្រប់ប្រភេទ ជ្រាបជាព័ត៌មាន ។
រដ្ឋបាលខណ្ឌ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធ អាជីវករលក់រថយន្ត ក្រុមហ៊ុនឯកជន ចូលរួមអនុវត្តតាមការណែនាំខាងលើ ជាពិសេស ដើម្បីចូលរួមចំណែកធ្វើឲ្យដងផ្លូវសាធារណៈមានសោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរថែមទៀត ។
ក្រោយប្រតិបត្តិការ ជាលទ្ធផលសមត្ថកិច្ចឃាត់រថយន្តបានចំនួន ០៥ គ្រឿង បច្ជុប្បន្នបញ្ចូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍សណ្ដាប់ឆ្នាប់រាជធានីភ្នំពេញធ្វើការអប់រំណែនាំតាមក្រោយ ៕ ស តារា