កន្លងមក ឥណ្ឌូនេស៊ី សួរចម្លើយ ជនសង្ស័យដោយប្រើប្រាសពស់វែក បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីមហាជនក្រោយពេល រូបភាពនេះ ត្រូវបានបង្ហោះតាមបណ្តាញសង្គម ។
នៅពេលនេះអង្គការសិទ្ធិមនុស្សបាន ចេញមុខថ្កោលទោស ទៅលើសកម្មភាពសួរចម្លើយយ៉ាងព្រៃផ្សៃខាងលើ ។ នៅថ្ងៃទី ២២ ខែកុម្ភៈ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានជំរុញអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី ស៊ើបអង្កេតករណីប៉ូលិសប្រើសត្វពស់វែកបំភិតបំភ័យជនជាប់ទោស ដើម្បីយកបានចម្លើយសារភាព ។
វីដេអូបែកធ្លាយមួយបានផ្ទុះឡើងកាលពីថ្មីៗនេះ អំពីមន្ត្រីប៉ូលិស នៅតំបន់ដាច់ស្រយាល់របស់ឥណ្ឌូនេស៊ី ខេត្ត Papua ព្រលែងសត្វពស់វែកមួយក្បាល បំភ័យជនជាប់ចោទ ដើម្បីសួរចម្លើយ ។ ក្នុងវីដេអូនោះ បានស្តែងឃើញអំពីមន្ត្រីប៉ូលិសអង្គុយសើចសប្បាយ ខណៈដែលជនជាប់ទោសជាចោរនោះ ស្រែកទ្រហ៊ោយំ ភ័យរន្ធត់ញាប់ញ័រដោយខ្លាចសត្វពស់វែកនោះចឹក ។ មន្ត្រីទទួលខុសត្រូវក្នុងតំបន់ ក្រោយមកបានសុំទោសចំពោះសកម្មភាពអសីលធម៌នេះ ប៉ុន្តែទោះយ៉ាង ការរិះគន់ជាសកលនៅតែបន្តកើតមានជាហូរហែ ។
អ្នកជំនាញសិទ្ធិមនុស្ស ៖ «យើងសូមជំរុញរដ្ឋាភិបាលឥណ្ឌូនេស៊ីចាត់វិធានការបន្ទាន់ ការពារទង្វើបង្ខិតបង្ខំរបស់ប៉ូលិស ទាហាន ទាក់ទងការអនុវត្តច្បាប់នៅក្នុងតំបន់ Papuaនោះ កុំឲ្យកើតមានតទៅទៀត ។ យើងព្រួយបារម្ភចំពោះអំពើឃោរឃៅ រំលោភបំពានសិទ្ធិមនុស្សនៅតំបន់នោះ»។
ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ធ្លាប់សន្យាអភិវឌ្ឍតំបន់ Papua ដែលក្រីក្រជាងគេនៅឥណ្ឌូនេស៊ីនេះឲ្យមានភាពរីកចម្រើនជឿនលឿន ។ ប៉ុន្តែទោះយ៉ាងណា នៅតែប្រឈមការរិះគន់ថា មិនបានស៊ើបអង្កេតឲ្យបានដិតដល់ការចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្សទៅលើកងកម្លាំងសន្តិសុខ ៕