ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់មានចម្រៀងផ្ទាល់ខ្លួន ទេព ពិសិដ្ឋចេញសម្តែងបទរបស់គ្រី ថៃពៅ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ នៅមិនទាន់បានបង្ហើសំនៀងក្នុងបទចម្រៀងថ្មីផ្ទាល់ខ្លួននៅឡើយទេក្រោយពីលើកពានជាច្រើនខែ។ ទោះជាយ៉ាងណា តារាពន្លកថ្មីរូបនេះបានលេចមុខក្នុងការសម្តែងបទចម្រៀងថ្មីកំពុងពេញនិយមរបស់ម្ចាស់ពាន Cambodian Idol រដូវកាលទី២លោក គ្រី ថៃពៅ ទៅវិញ។

បទចម្រៀង ស្រលាញ់គេហើយមែនទេ របស់ គ្រី ថៃពៅ ទទួលបានការគាំទ្រខ្លាំងពីក្រុមយុវវ័យកន្លងមក ហើយទើបនឹងបញ្ចេញស្នាដៃ MV សម្រាប់ទស្សនិកជន។ ក្នុងបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងនេះគេសង្កេតឃើញវត្តមាន តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋចូលរួមសម្តែង រួមជាមួយតារាសម្តែង អាង សុជាតា ហៅឈូឈូ ដែលជាដៃគូសម្តែងសមខ្លាំងនោះ។ មានអ្នកចូលទស្សនាបទចម្រៀងនេះរាប់សែននាក់រួចមកហើយក្រោយពីផលិតកម្មហង្សមាសបានបញ្ចេញជាមួយនឹងការសរសើរថាមិនត្រឹមតែជាការច្រៀងដ៏ពិរោះទេ ប៉ុន្តែសូម្បីតែការសម្តែងក៏មានអត្ថន័យមនោសញ្ចេតនាស៊ីជម្រៅ ចាក់ចំបេះដូងអ្នកគាំទ្រពិសេសក្រុមយុវវ័យ។

មានការសរសើរច្រើនពីទស្សនិកជនក្នុងការលេចមុខតារាចម្រៀងវ័យ១៤ឆ្នាំរូបនេះមកសម្តែងក្នុងបទចម្រៀង ហើយពួកគេចង់ស្តាប់ ការបង្ហើសំនៀងដោយផ្ទាល់នៅក្នុងបទចម្រៀងផ្ទាល់ខ្លួនរបស់ម្ចាស់ពានរូបនេះផងដែរ។ ទស្សនិកជនរំពឹងថាពួកគេនឹងបានស្តាប់ បានឃើញការសម្តែង បទចម្រៀងផ្ទាល់ខ្លួនរបស់ ទេព ពិសិដ្ឋដែលនឹងចេញនៅពេលឆាប់ៗខាងមុខផងដែរ។ ខណៈដែលម្ចាស់ពានរដូវកាលទី១ កុមារាពេជ្រ ថៃ ធ្លាប់បានបញ្ចេញស្នាដៃសម្តែង និងបង្ហើរសំនៀងក្នុងបទចម្រៀងផ្ទាល់ខ្លួនរួចមកហើយ។

គួរបញ្ជាក់ដែរថាទេព ពិសិដ្ឋ ដែលជាបេក្ខជនមកពីខេត្តសៀមរាប បានក្លាយជា​ម្ចាស់​ពាន​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​២ បន្ទាប់ពី​គេ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខជន​៥​រូប​ទៀត ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស​កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៨​។ ក្រោយឈ្នះការប្រកួត ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់​១០០​លាន​រៀល ការចុះកុងត្រាជាមួយផលិតកម្មហង្សមាស ហើយ​បាន​ក្លាយជា​ម្ចាស់​ពាន The Kids Cambodia បន្ទាប់ពី ពេជ្រ ថៃ​ ៕ វឌ្ឍនា


ចែករំលែក៖