ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងស្នងការក្រុង ចុះឃាត់ខ្លួន មនុស្សជាច្រើនរយនាក់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបកំសាន្ត Rock

ចែករំលែក៖

ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងដោយផ្ទាល់ជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកំសាន្តRock នៅជាប់ផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយកម្លាំងសមត្ថកិច្ចឃាត់បានមនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំ ។

ក្នុងរង្វង់ប្រតិបត្តិការរបស់កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញខាងលើនេះ ក្រុមអ្នកសារព័ត៌មានជាច្រើននាក់មិនអាចចូលទៅក្នុងទីតាំង និងផ្ដិតយករូបភាពមនុស្សដែលត្រូវឃាត់ខ្លួន ក៏ដូចជាវត្ថុតាង ជាប្រភេទថ្នាំញៀន បាននោះទេ ។

តែទោះជាយ៉ាងណា គេសង្កេតឃើញមានរថយន្តហុីយ៉ាន់ដាយ ប្រភេទ៥តោនចំនួន២គ្រឿងបានចូលទៅក្នុងបរិវេណក្លឹបកំសាន្តRock ហើយមានកម្លាំងសមត្ថកិច្ចចាប់មនុស្សបញ្ជូនក្នុងរថយន្តហុីយ៉ាន់ដាយជាច្រើនរយនាក់ផងដែរ ។ ក្នុងនោះដែរ ក៏មានសមត្ថកិច្ចបានបង្ហើបរូបភាព ថ្នាំញៀនជាច្រើនប្រភេទ និងជាច្រើនកញ្ចប់ ។

ក្រោយពីឃាត់មនុស្សជាច្រើនរយនាក់ ក៏ដូចជាវត្ថុតាងទាំងប៉ុន្មាន កម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖