ព័ត៌មានទាន់ហេតុការណ៍៖

លោក ស ថេត បើកប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ក្នុង​មណ្ឌល​កម្សាន្ត​រ៉ុ​ក​ ឃាត់ខ្លួន​មនុស្ស​ជាង​ ៣០០​នាក់​ និងគ្រឿងញៀនជិត៥០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​ ៖​ ​មនុស្ស​ប្រុស​ ស្រី​​ចំនួន៣១២​នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ រួមទាំងគ្រឿងញៀនជិត៥០គីឡូក្រាម​ ដែលនាំគ្នាចូលទៅកម្សាន្ត ក្នុង​មជ្ឈមណ្ឌលរ៉ុ​ក​ ត្រូវបានលោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​បើកប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ជាក់ស្តែង ក្នុងករណី​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ ។

ករណីបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់​គ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​​​ ស្ថិតក្នុងមជ្ឈមណ្ឌល​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​ ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ​។​

ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ទ្រង់ទ្រាយ​ធំ​ និង​ពុំ​ធ្លាប់​ មាន​ពី​មុន​មកនេះ​ គឺ​លោក​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​ង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នឹង​កម្រិត​ធ្ងន់​ សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន​ នឹង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​៣១២​នាក់​ ក្នុងនោះមានជនជាតិចិន១៤នាក់ រួមទាំងគ្រឿងញៀនជិត៥០គីឡូក្រាម​ ។ ដោយ​សារធាតុញៀនប្រភេទម្សៅ៣៩គីឡូក្រាម ; សារធាតុ​ញៀនប្រភេទទឹក ៩គីឡូ២ខាំ ;ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន១២គ្រឿង និងកាំភ្លើងខ្លីចំនួន១ដើម រួមជាមួយ​សំភារៈ​ជា​ច្រើន​ទៀត​ ។​

ជនសង្ស័យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣១២​នាក់​ រួមទាំងគ្រឿងញៀនជិត៥០គីឡូក្រាម ​ត្រូវ​បាន​នាំ​ខ្លួន​ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី​នៅស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាងបញ្ជូន​សំណុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ+ស រស្មី


ចែករំលែក៖