ខេត្តតាកែវ៖ ក្រុមការងារថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មិនត្រឹមតែមមាញឹក លើការងារចុះពិនិត្យជាក់ស្តែងលើការបង្កបង្កើនផលស្រូវដំណាំ ទឹកប្រើប្រាស់ដល់ប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងបានផ្តល់ប្រេងម៉ាស៊ូត ចំនួន ១,០០០លីត្រ ជូនប្រជាកសិករ ក្នុងឃុំពត់សរ និងឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ សម្រាប់បន្តការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងលើកទី១ ។ ការផ្តល់ជូនប្រជាកសិករ បានធ្វើឡើងនៅរសៀល ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ តាមរយះលោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស មន្ត្រីបច្ចេកទេសក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ។
ក្រុមការងារក៏បានចុះពិនិត្យការងារអន្តរាគន៍បូមទឹកសង្គ្រោះស្រូវប្រាំងលេីកទី១ ជូនប្រជាកសិករនៅទីតាំងស្ថានីយបូមទឹក ហ៊ុន សែន ទី៧ ទី៨ ស្ថិតក្នុងឃុំពត់សរ និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ០២គ្រឿងផ្សេងទៀត ស្ថិតក្នុងឃុំចំបុី ស្រុកបាទី ខេត្តតាកែវ ដែលមានផ្ទៃដីស្រូវប្រាំងជាង ៨០០ហិកតា។
តាមរយៈការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរ ព្រមទាំងក្រុមប្រឹក្សាស្រុក និងអាជ្ញាធរដែនដី បងប្អូនប្រជាកសិករបានសំដែងនូវសេចក្តីសប្បាយរីករាយឥតឧបមា ដែលតែងតែដោះស្រាយនូវរាល់បញ្ហា និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។ ចុងបញ្ចប់ លោកបណ្ឌិត ស៊ិន វុទ្ធី បានផ្តាំផ្ញេីដល់ក្រុមប្រឹក្សាស្រុក និងអាជ្ញាធរដែនដី ត្រូវតែយកចិត្តទុកដាក់ប្រេីប្រាស់ និងថែទាំនូវរាល់ស្ថានីយ និងម៉ាស៊ីនចល័តឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសដេីម្បីធានាដល់ការអន្តរាគមន៍បូមទឹកបានចីរភាព និងយូរអង្វែង៕ សុខ ខេមរា