ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆួលផ្សែងភ្លើង បណ្ដាលឲ្យឆេះស្លាប់មនុស្សម្នាក់ នៅស្រុកភ្នំក្រវាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត ក្នុងផ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីឆួលផ្សែងភ្លើង ឬខ្យល់គរ នៅគ្រា ដែលជនរងគ្រោះព្យាយាមពន្លត់ភ្លើងឆេះរាលចូលចំការក្រូចរបស់គាត់ ។

ហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះបណ្ដាលឲ្យមានមនុស្សស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចអូរទីង ស្ថិតក្នុងភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរកាតបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់) ឈ្មោះ អ៊ឹម អ៊ី ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិ៍អណ្ដាត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បច្ចុប្បន្ន គាត់ចាំចំការក្រូច របស់គាត់ ស្ថិតក្នុង ភូមិ.ឃុំ ខាងលើ ។

ប្រភពរាយការណ៍បន្តថា លើខ្លួនប្រាណជនរងគ្រោះមានស្នាមភ្លើងឆេះរោល និងរលាត់ស្បែកផងដែរ ដូច្នេះករណីនេះ អាចកើតឡើងនៅគ្រាដែលគាត់ព្យាយាមពន្លត់ភ្លើងឆេះព្រៃកុំឲ្យរាលឆេះចូលចំការរបស់គាត់ អាចបណ្ដាលឲ្យងងឹតមុខដួលសន្លប់ ក៏ថាបាន ឬក៏អាចឆួលផ្សែងភ្លើងតែម្ដង ស្របគ្នាដែលអណ្ដាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅផងនោះ បណ្ដាលឲ្យឆេះមនុស្សស្លាប់យ៉ាងអាណោចអាធម័ ។

ប្រភពដដែលបន្តទៀតថា ករណីមានមនុស្សស្លាប់ខាងលើ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានចុះស្រាវជ្រាវ និងស្រង់យកចម្លើយ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន


ចែករំលែក៖