ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ អូរលីវ ដួលសន្លប់ចំនួន៥១នាក់ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ អូរលីវ ជាច្រើននាក់ដួលសន្លប់ ជាបន្តបន្ទាប់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ករណីផ្ទុះនូវហេតុការណ៍ កម្មករដួលសន្លប់នៅរោងចក្រខាងលើ មិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ក្រោយពីដួលសន្លប់ ខាងរោងចក្រ លួចដឹកជនរងគ្រោះចេញ ដោយមិនបានសហការជាមួយសមត្ថកិច្ច ឬរថយន្តសង្រ្គោះរបស់អង្គភាពរដ្ឋឡើយ ធ្វើឲ្យផ្អើលកម្មករ ទូទាំងរោងចក្រតែម្តង ។

តាមកម្មករបានឲ្យដឹងថា ពួកគាត់ក៏មិនទាន់ដឹងអំពីមូលហេតុដែរ តែក្នុងរោងចក្រមានធំក្លិនឈ្ងៀម ដូចជាក្លិនប្រេងម៉ាសុីនចាស់ៗ កម្មករខណៈដែលកំពុងធ្វើការងារ ស្រាប់តែឆោឡោឡើង ដួលសន្លប់ជាបន្តបន្ទាប់ ឃើញរថយន្តគ្លីនិកមូលមិត្ត រថយន្តក្រុមហ៊ុនរោងចក្រ តាមម៉ូតូផ្ទាល់ខ្លួន ដឹកបញ្ជូនជនរងគ្រោះ ទៅពេទ្យ ។

ប្រភពពីកម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ មានកម្មករសរុប ចំនួន២០១០នាក់ ប្រុស១៤៧ ហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានកម្មករដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីមានភាយក្លិនម្យ៉ាងឈ្ងៀម ឈួលដូចប្រេងម៉ាសុីន ប្រើហើយ ទើបកម្មករសន្លប់សរុបចំនួន៥១នាក់ បញ្ជូនទៅគ្លីនិក ហ៊ាង មុន្នីវុធ ផ្លូវជាតិលេខ៣ គ្លីនិកមូលមិត្ត គ្លីនិកឡាំ ប៊ុនថន ។

តាមសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រោយពីកើតហេតុការណ៍នៅរោងចក្រខាងលើ សង្ស័យមកពីផ្អើលនឹងក្លិន ប្រេងម៉ាសុីន ទើបស្រាវជ្រាវ តាមស្វែងរក ក្លិន ឃើញមានប្រេងម៉ាសុីន នៅយានដ្ឋាន រថយន្តមួយកន្លែង ជាប់នឹងរបងជ្រុងខាងត្បូងរោងចក្រ ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចជំនាញ ពាក់ព័ន្ធបន្តធ្វើការស្រាវជ្រាវ ថាផ្តើមមកពីមូលហេតុអ្វី ។

ក្រោយពីកបញ្ជូនកម្មកររងគ្រោះទៅពេទ្យអស់ កម្មករនៅសល់ត្រូវបានក្រុមហ៊ុនអនុញ្ញាតឲ្យឈប់សម្រាក ការងារជាបណ្តោះអាសន្ន ៕ សុខាសែនជ័យ


ចែករំលែក៖