ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្ត បុករះ កន្លែងលក់មីឆា បាយឆាអ្នកលក់ និងភ្ញៀវរត់ចែកជើងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិ ចិន និងមានប្រុសស្រី៣នាក់ រួមដំណើរជាមួយបានបើក រថយន្តបុករះ កន្លែងលក់មីឆា បាយឆា រុឺម៉កម៉ូតូ រថយន្តមួយគ្រឿង និងរបងផ្ទះប្រជាពលរដ្ឋ កាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ២៧១ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសម្តីជនរងគ្រោះដែល ជាម្ចាស់ទីតាំងលក់មីឆា បាយឆា បានឲ្យដឹងថា នៅពេលកើត ហេតុឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8199 មួយគ្រឿង បើកបរដោយបុរស ម្នាក់ជាជនជាតិចិន និងមានអ្នករួមដំណើរ ប្រុស ស្រី ៣នាក់ទៀត បានបើកបរតាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងទិសដៅពីត្បូងមក ជើងយ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោងមិន បានជ្រុលចង្កូតបុករទេះលក់មីឆាបាយឆា និងរុឺម៉កម៉ូតូ ក្រឡាប់ទៅប៉ះនឹង រថយន្តលុចស៊ីស LX470 ចតនៅចញ្ចើមផ្លូវ និង របងផ្ទះប្រជាពលរដ្ឋបន្ថែម ទៀត បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អ មនុស្សដែលនៅកន្លែង កើតហេតុបានឃើញសកម្មភាព មិនស្រួលក៏បាននាំគ្នារត់ចេញ ដោយមិនបង្កឲ្យអ្នកណា ម្នាក់រងរបួសនោះឡើយ ។

បន្ទាប់ពីកើតហេតុ បុរសជនជាតិចិន ដែលបើករថយន្តបង្កហេតុ មិនព្រមចុះដោះស្រាយនោះទេ រហូតដល់សមត្ថកិច្ចនគរបាល ជំនាញចរាចរខណ្ឌចុះមកដល់ ទើបព្រមចុះសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមានតំណាងជួយដោះស្រាយ ព្រមសងថ្លៃខូចខាតទៅលើរទេះ លក់មីឆា បាយឆា និងរុឺម៉កម៉ូតូជាម្ចាស់តែមួយ ចំនួន៤ពាន់ដុល្លារ ឯរថយន្តឡិចស៊ីស LX470 និងរបងផ្ទះពលរដ្ឋជាម្ចាស់តែមួយចំនួន៤ពាន់ដុល្លារទៀត ដើម្បីបញ្ចប់រឿងនៅនិងកន្លែង កើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖