ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពីរនាក់ ដកកាំភ្លើងចូលប្លន់យកព្រទ្យសម្បត្តិពីនារីបីនាក់ បានសម្រច ក្នុងហាង កន្និកា ស្រីតូច អ៊ុតសក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពប្រើកាំភ្លើងខ្លីផ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទដៃអស់២គ្រឿង ពីនារី៣នាក់ បានសម្រេច កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្ស យីហោ ( កន្និកា ស្រីតូច អ៊ុតសក់) ជាប់នឹងខារ៉ាអូខេ ប៊េស ស្តារ​ តាមបណ្តោយផ្លូវ៥៩៨​ កែងផ្លូវ៣១៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗ​បានមកអ៊ុតសក់ ផាត់មុខ ក្នុងហាងរបស់ខ្លួន ។ បន្ទាប់មក ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូសង់ ប៉ិចមួយគ្រឿង មិនចាំស្លាកលេខ បានឌុបគ្នាមកធ្វើលេសទិញទឹកផឹក ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតដើរចូលមក ហើយបានដកកាំភ្លើងខ្លីផ្ជង់គំរាម និងប្លន់ទៅលើជនរងគ្រោះ ទី១ ឈ្មោះ ស្រីពៅ យកបានកាបូបស្ពាយ១ និងទូរសព្ទ័ម៉ាកអាយហ្វូនសុិចផ្លើស១គ្រឿង រួចបន្តទៅនារីរងគ្រោះទី២ មានឈ្មោះ អឹុង ចន្ទ័ដារ៉ាលីន យកបានទូរសព្ទ័ម៉ាកអាយហ្វូនស៊ិច ១គ្រឿង និងលុយជិត៣០ដុល្លារ រួចបន្តទៅនារីទី៣ម្នាក់ទៀត មិនស្គាល់ឈ្មោះ យកបានកាបូបស្ពាយ១ ។ ជនរងគ្រោះទាំងបីនាក់ មានមុខរបរបម្រើការនៅខារ៉ាអូខេ ប៊េស ស្តារ ។

ជនសង្ស័យក្រោយពីបានធ្វើសកម្មភាពប្លន់បានសម្រេចហើយ នាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។ បន្ទាប់មកជនរងគ្រោះឈ្មោះ ស្រី ពៅ និងម្នាក់ទៀត មិនស្គាល់ឈ្មោះ ភ័យស្លន់ស្លោពេក បាននាំគ្នាចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកពិនិត្យមើលហេតុការណ៍ផ្ជង់ប្លន់បានសម្រេច និងនាំនារីរងគ្រោះម្នាក់ ឈ្មោះ អឺុង ចន្ទ័ដារ៉ាលីន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖