ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបនិងចាប់បានទូកដឹកបារីគេចពន្ធមួយគ្រឿងដែលផ្ទុកបារីចំនួន១,១២៩កាតុង

ចែករំលែក៖

ខេត្តកែប ៖ អគ្គនាយដ្ឋានគយ និងរដ្ឋាករកាលពីថៃ្ងចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះនៅចំណុចចន្លោះកោះពោធិ៍ និងកោះអាចម៍សេះ ស្ថិតក្នុងខេត្តកែប ការិយាល័យនាវាចរគយនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាប និងចាប់់បានទូកដឹកបារីគេចពន្ធមួយគ្រឿង ដែលផ្ទុកបារីចំនួន ១,១២៩ កាតុង។

នេះជាលើកទី១ហើយ ដែលការិយាល័យនាវាចរគយធ្វើការបង្ក្រាបអំពើគេចពន្ធនេះ បន្ទាប់ពីទទួលបាននាវាល្បាតគយចំនួនពីរ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាវាល្បាតគយនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមានការចូលរួមពី សំណាក់លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា៕ សហការី


ចែករំលែក៖