ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​រោងចក្រ ​W&D ​ជាង២០០នាក់ ហែក្បួន​តវ៉ា​ទៅមុខ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ចែករំលែក៖

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ កម្មករ កម្មការិនី ប្រមាណជាង២០០នាក់ នៅ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ W & D មាន​ទីតាំង​ស្ថិតនៅ ផ្លូវ​មុនីរ៉េត​ក្រុមទី​៤.​ភូមិ​ឫ​ស្សី​២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាននាំគ្នា​ដើរ​ហែក្បួន​តវ៉ា​មកសុំ​អន្តរាគមន៍​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ការ​ហែក្បួន​នេះ​មានការ​រារាំង​ពី​អាជ្ញា​ធរ មាន​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​ ក៏​កម្មករ​ជំនៈ បាន​ដើរ​ហែក្បួន​រហូតដល់​ក្រសួង​ការងារ​ ។​ ដោយកម្មករ​ទាមទារ​ឲ្យក្រុមហ៊ុន ​W&D ​ទទួល​កម្មករ​ជាង​១០០​នាក់​ ឲ្យចូល​ធ្វើការ​ធម្មតា​វិញ ​តាម​តួនាទី​ភារកិច្ច​ ដោយ​មិន​រើសអើង​កម្មករ​ ។​ បើ​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ត្រូវ​ ទូទាត់​អត្ថប្រយោជន៍​ចំនួន​៥​ចំណុច តាមច្បាប់​ស្តីពី​ការងារ​ ។

បន្ទាប់ពីមានការ​ហែក្បួន​កម្មករ កម្មការិនីទាំងនោះ ខាងក្រសួងការងារនិងតំណាងកម្មកររោងចក្រW&D បានបើកការប្រជុំ ជាមួយក្រុមការងារក្រសួងការងាក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គលេខាធិការដ្ឋាន គកប និងលោក មាន ចាន់យ៉ាដា អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការចូលរួមគ្រប់ពីសមត្ថកិច្ចពាក់ព័ន្ធផងដែរ ។

ចំពោះជាលទ្ធផល នៃអង្គប្រជុំ គឺមានចំនួន៥ ចំណុចខាងក្រោម៖

១/ តំណាងកម្មករបានប្រគល់ញតិជូនក្រសួង និងដោយប្រកាន់ជហរតាមខ្លឹមសារញតិ សុំអោយក្រសួងជួយដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ។

២/ លោក មាន ចាន់យ៉ាដា តំណាងអភិបាលរាជធានីភ្នំពេញ បើបងប្អូនគ្រាន់តែចង់ពន្លឿនការដោះស្រាយ ស្នើសុំកម្មករដាក់ញតិត្រឹមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហើយសូមកុំបន្តដង្ហែក្បួនទៅកន្លែងណាផ្សេងទៀត ។

៣/លោក មាន ចាន់យ៉ាដា តំណាងអភិបាលរាជធានីភ្នំពេញ ស្នើឲ្យមានការអញ្ជើញក្រុមហ៊ុន ដើម្បីជួបប្រជុំដោះស្រាយជាមួយកម្មករដោយផ្ទាល់ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩។

៤/តំណាងកម្មករ ទទូចស្នើសុំឲ្យសហជីពសុីខៅឌូ ចូលរួមចចាររាល់ការប្រជុំដោះស្រាយ។

៥/ លោក ប្រាក់ ចាន់ធឿន ប្រធានអង្គប្រជុំ បានពន្យល់ណែនាំបងប្អូន កម្មកររក្សាសណ្តាប់ធ្នាប់ រង់ចាំដំណោះស្រាយពីក្រសួង ។

ក្រោយពីចប់ប្រជុំមន្រ្តីសាលារាជធានីភ្នំពេញ បានយកចំនួន៥គ្រឿង មកក្រសួងការងារដើម្បីដឹកកម្មករត្រឡប់ទៅផ្ទះវិញ នៅម៉ោង១២និង២៥នាទីរសៀលថ្ងៃដដែល ។

គួរបញ្ជាក់ថារោងចក្រ​កាត់ដេរ​សំលៀកបំពាក់ W & D មានកម្មករ កម្មការនី សរុប១៨០០នាក់ ក្នុងនោះប្រុសចំនួន២៣៩នាក់ ហើយមានកម្មករ កម្មការនី ចំនួន៧៤២នាក់ ចូលធ្វើការធម្មតាវិញ ។ ចំពោះកម្មករ កម្មការនី នៅសល់ ចំនួន១០៥៨នាក់ ក្នុងនោះក្រុមហ៊ុន ដាច់ខាត មិនអនុញ្ញាតឲ្យកម្មករចូលធ្វើការចំនួន១១៣នាក់ ដែល ក្រុមហ៊ុន គិតថា ជាអ្នកដឹកនាំញុះញង់ កូដកម្ម។ ចំណែកឯកម្មករចំនួន៩៤៥ នាក់ ទៀតក្រុមហ៊ុន អនុញ្ញាតឲ្យចូលធ្វើការវិញ ប៉ុន្តែកម្មករមិនព្រមចូលធ្វើការ ៕ស តារា


ចែករំលែក៖