ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ កម្មករ កម្មការិនី ប្រមាណជាង២០០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ W & D មានទីតាំងស្ថិតនៅ ផ្លូវមុនីរ៉េតក្រុមទី៤.ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាដើរហែក្បួនតវ៉ាមកសុំអន្តរាគមន៍នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ការហែក្បួននេះមានការរារាំងពីអាជ្ញាធរ មានសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏កម្មករជំនៈ បានដើរហែក្បួនរហូតដល់ក្រសួងការងារ ។ ដោយកម្មករទាមទារឲ្យក្រុមហ៊ុន W&D ទទួលកម្មករជាង១០០នាក់ ឲ្យចូលធ្វើការធម្មតាវិញ តាមតួនាទីភារកិច្ច ដោយមិនរើសអើងកម្មករ ។ បើក្រុមហ៊ុនបញ្ឈប់កម្មករត្រូវ ទូទាត់អត្ថប្រយោជន៍ចំនួន៥ចំណុច តាមច្បាប់ស្តីពីការងារ ។
បន្ទាប់ពីមានការហែក្បួនកម្មករ កម្មការិនីទាំងនោះ ខាងក្រសួងការងារនិងតំណាងកម្មកររោងចក្រW&D បានបើកការប្រជុំ ជាមួយក្រុមការងារក្រសួងការងាក្រោមអធិបតីភាពឯកឧត្តម ប្រាក់ ចាន់ធឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គលេខាធិការដ្ឋាន គកប និងលោក មាន ចាន់យ៉ាដា អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ ។ ក្នុងនោះក៏មានការចូលរួមគ្រប់ពីសមត្ថកិច្ចពាក់ព័ន្ធផងដែរ ។
ចំពោះជាលទ្ធផល នៃអង្គប្រជុំ គឺមានចំនួន៥ ចំណុចខាងក្រោម៖
១/ តំណាងកម្មករបានប្រគល់ញតិជូនក្រសួង និងដោយប្រកាន់ជហរតាមខ្លឹមសារញតិ សុំអោយក្រសួងជួយដោះស្រាយជូនពួកគាត់ឲ្យបានឆាប់ ។
២/ លោក មាន ចាន់យ៉ាដា តំណាងអភិបាលរាជធានីភ្នំពេញ បើបងប្អូនគ្រាន់តែចង់ពន្លឿនការដោះស្រាយ ស្នើសុំកម្មករដាក់ញតិត្រឹមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហើយសូមកុំបន្តដង្ហែក្បួនទៅកន្លែងណាផ្សេងទៀត ។
៣/លោក មាន ចាន់យ៉ាដា តំណាងអភិបាលរាជធានីភ្នំពេញ ស្នើឲ្យមានការអញ្ជើញក្រុមហ៊ុន ដើម្បីជួបប្រជុំដោះស្រាយជាមួយកម្មករដោយផ្ទាល់ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩។
៤/តំណាងកម្មករ ទទូចស្នើសុំឲ្យសហជីពសុីខៅឌូ ចូលរួមចចាររាល់ការប្រជុំដោះស្រាយ។
៥/ លោក ប្រាក់ ចាន់ធឿន ប្រធានអង្គប្រជុំ បានពន្យល់ណែនាំបងប្អូន កម្មកររក្សាសណ្តាប់ធ្នាប់ រង់ចាំដំណោះស្រាយពីក្រសួង ។
ក្រោយពីចប់ប្រជុំមន្រ្តីសាលារាជធានីភ្នំពេញ បានយកចំនួន៥គ្រឿង មកក្រសួងការងារដើម្បីដឹកកម្មករត្រឡប់ទៅផ្ទះវិញ នៅម៉ោង១២និង២៥នាទីរសៀលថ្ងៃដដែល ។
គួរបញ្ជាក់ថារោងចក្រកាត់ដេរសំលៀកបំពាក់ W & D មានកម្មករ កម្មការនី សរុប១៨០០នាក់ ក្នុងនោះប្រុសចំនួន២៣៩នាក់ ហើយមានកម្មករ កម្មការនី ចំនួន៧៤២នាក់ ចូលធ្វើការធម្មតាវិញ ។ ចំពោះកម្មករ កម្មការនី នៅសល់ ចំនួន១០៥៨នាក់ ក្នុងនោះក្រុមហ៊ុន ដាច់ខាត មិនអនុញ្ញាតឲ្យកម្មករចូលធ្វើការចំនួន១១៣នាក់ ដែល ក្រុមហ៊ុន គិតថា ជាអ្នកដឹកនាំញុះញង់ កូដកម្ម។ ចំណែកឯកម្មករចំនួន៩៤៥ នាក់ ទៀតក្រុមហ៊ុន អនុញ្ញាតឲ្យចូលធ្វើការវិញ ប៉ុន្តែកម្មករមិនព្រមចូលធ្វើការ ៕ស តារា