គ្រោះថ្នាក់រថភ្លើងយ៉ាងរន្ធត់នៅក្នុងប្រទេសអេហ្ស៊ីប បានសម្លាប់មនុស្សជាង២០នាក់ និងច្រើននាក់ទៀត រងរបួស ធ្វើឲ្យមន្ត្រី ទទួលបន្ទុកបញ្ហានេះ លោក លោក Hesham Arafat សម្រេចចិត្តលាលែងចេញពីតំណែង ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះផងដែរ នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក ម៉ូស្តាហ្វា ម៉េដបួលី Mostafa Madboulyបានចុះទៅកាន់ទីកន្លែងកើតហេតុ និងត្រូវបានអមដំណើរដោយមន្ត្រីពាក់ព័ន្ធនានា ក្នុងនោះក៏មានរដ្ឋមន្ត្រីដឹកជញ្ជូនលោក អារ៉ាហ្វាត់ ផងដែរ ប៉ុន្តែក្រោយពីបញ្ចប់ការត្រួតពិនិត្យស្ថានភាពជាក់ស្តែងតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោក អារ៉ាហ្វាត់ ក៏បានប្រកាសលាលែងពីតំណែងតែម្តង ដើម្បីបង្ហាញការទទួលខុសត្រូវ ទោះបីជាលោកមិនទាន់ទទួលបានការស្តីបន្ទោសពីប្រជាជន ឬថ្នាក់លើណាម្នាក់ក៏ដោយ។
គួរបញ្ជាក់ថា គ្រោះអគ្គីភ័យបានបង្កឡើងនៅពេលដែលរថភ្លើងមួយខ្សែ បានជ្រុលបុកខឿនផ្លូវនៅក្នុងស្ថានីយ រ៉ែមសែស (Ramses)។ ក្រោយពេលកើតហេតុភ្លាមៗ រថយន្តសង្រ្គោះបន្ទាន់ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ទៅកាន់ស្ថានីយរថភ្លើងនេះជាបន្ទាន់។ កាលពីដំបូងៗខ្សែរថភ្លើងឆ្ពោះទៅ និងមកកាន់ទីក្រុងគែរត្រូវបានផ្អាកទាំងអស់។ យោងតាមប្រភពពីក្រុមគ្រូពេទ្យ អ្នករងរបួសភាគច្រើនស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង ដែលជាហេតុធ្វើឲ្យតួលេខនៃអ្នកស្លាប់ អាចកើនឡើងខ្ពស់ជាងនេះទៀត៕