ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីព្រឹក មានប្រជាពលរដ្ឋ ឈ្មោះ អ៊ីន ពិសិដ្ឋ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទៅបាចត្រីតាមប្រឡាយទឹក (ចំបក់គីឡូ) ស្ថិតក្នុងភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពេលបាចទឹក ក៏ប្រទះឃើញអាវុធ និងគ្រាប់ជាច្រើន។
សមត្ថកិច្ចបានឲ្យដឹងថា អាវុធ និងគ្រាប់ជាច្រើននោះរួមមាន ៖ អាវុធAK47 ១ដើម, គ្រាប់AK47 ចំនួន ៦គ្រាប់, គ្រាប់Mសី ចំនួន ៣គ្រាប់, បង់AK ចំនួន ២, បង់Mសី ចំនួន ១, ខ្សែឈ្នុន ចំនួន ១១៨.៥ម៉ែត្រ និងមីនក្រចកសេះ ៩គ្រាប់ (ខូចគុណភាពទាំងអស់) ហើយបានរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលបន្សាយរាក់ ។
ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងប៉ុស្តិ៍ និងដោយមានការចូលរួមពីកម្លាំងជំនាញខេត្ត ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅកន្លែងកើតហេតុខាងលើពិនិត្យ និងសន្និដ្ឋានថា ជារបស់សេសសល់ពីសម័យសង្គ្រាម។ បច្ចុប្បន្ន យកមករក្សាទុកនៅប៉ុស្តិ៍ ៕ ប៉ែន នួន