ជនភៀសខ្លួនរ៉ូហីងយ៉ាងជាច្រើនបានចូលទៅកាន់ទឹកដីបង់ក្លាដែល ធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះ ត្រូវចំណាយប្រាក់ជាច្រើនចិញ្ចឹមជនភៀសខ្លួនទាំងនោះ ក្នុងពេលសេដ្ឋកិច្ចប្រទេសជាតិកំពុងតែប្រឈមវិបត្តិ ។
នៅពេលនេះដែរ រដ្ឋាភិបាលបង់ក្លាដែសបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា មិនអាចទទួលយកជនភៀសខ្លួនពីមីយ៉ាន់ម៉ាបានទៀតនោះឡើយ ខណៈរយៈពេល១៨ខែកន្លងមកនេះ ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា មកកាន់បង់ក្លាសដែលមានជាង៧០០,០០០នាក់ហើយ ។
ការវាយប្រហារទៅលើប៉ុស្តិ៍សន្តិសុខរដ្ឋាភិបាលដោយក្រុមឧទ្ទាម រ៉ូហ៊ីងយ៉ា ស្ថិតនៅរដ្ឋ រ៉ាឃីន មីយ៉ាន់ម៉ានោះ នាំឲ្យមានការបង្ក្រាបទ្រង់ទ្រាយធំពីសំណាក់កងកម្លាំងទាហានមីយ៉ាន់ម៉ា ទៅលើក្រុមជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ានេះ ។ អង្គការសហប្រជាជាតិ, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ចាត់ទុកសកម្មភាពទាហានមីយ៉ាន់មា ថា ជាការបោសសម្អាតជាតិពិន្ទុ ការចោទដែលមីយ៉ាន់ម៉ាច្រានចោល មិនទទួលយក ។
លោក Shahidul Haque រដ្ឋលេខាធិការក្រសួងការបរទេសបង់ក្លាដែស ថ្លែងថា «ខ្ញុំសោកស្តាយ ក្នុងការជម្រាបព័ត៌មានដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា បង់ក្លាដែស មិនអាចជាទីកន្លែងសម្រាប់ការតាំងនៅបន្ថែមទៀតទេ ពីសំណាក់ជនភៀសខ្លួនមកពីមីយ៉ាន់ម៉ា» ។
ជាមួយគ្នានេះដែរ លោក Haque ក៏លើកឡើងថា ភាគីមីយ៉ាន់ម៉ា ហាក់ព្រងើយកន្តើយ នៅក្នុងសកម្មភាពទទួលយកជនភៀសខ្លួនទាំងនោះត្រឡប់ទៅវិញ ។ លោកថា គ្មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាណាម្នាក់ចង់វិលត្រឡប់ទៅកាន់រដ្ឋ រ៉ាឃីន មីយ៉ាន់ម៉ាវិញឡើយ ដោយកត្តាបរិយាកាសគ្មានអំណោយផល ។
មីយ៉ាន់ម៉ាបានអះអាងថា ខ្លួនត្រៀមទទួលយកជនភៀសខ្លួនត្រឡប់ទៅវិញ តាំងពីខែមករា ប៉ុន្តែ អង្គការសហប្រជាជាតិ និយាយថា ស្ថានការមិនទាន់ល្អប្រសើរសម្រាប់ពួកគេវិលត្រឡប់ ។ ក្រុមជនជាតិរ៉ូហ៊ីងយ៉ានិយាយថា ពួកគេចង់បានការធានា លើសុវត្ថិភាព និងការទទួលស្គាល់ជាពលរដ្ឋសិន មុនពេលការវិលត្រឡប់កើតឡើង៕