ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់ជាប់ពន្ធនាគារ និងមានជំងឺសរសៃប្រសាទ ធ្វើអត្តឃាតចងកនឹងដើមម្កាក់បានសម្រេច

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ​ បុរសវ័យចំណាស់ម្នាក់ បាន​ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចដើមម្កាក់ខាង​លិច​ផ្ទះរបស់ឈ្មោះ យ៉ន ផាន ស្ថិតក្នុងភូមិអន្លង់ដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បង្កការភ្ញាក់​ផ្អើលកាលពី​វេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃសុក្រ ១០ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ។

មន្រ្តីនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា សព​ឈ្មោះ យ៉ន ផាន ភេទប្រុស អាយុ ៥០ ឆ្នាំ ដែលជាមុខសញ្ញាទើបដោះលែងពីពន្ធនាគារ និងជាមនុស្ស​មានជំងឺសរសៃប្រសាទ ជនជាតិខ្មែរ រស់​នៅភូមិអន្លង់ដូង ឃុំពង្រស្រុកកោះសូទិន ខេត្តកំពង់ចាម។ បុរស នេះ បានយកខ្សែនីឡុងពណ៌ស លាយក្រហម ប្រវែង២,៥ ម៉ែត្របត់ជាពីរ ចងកនិងដើមម្កាក់ស្លាប់ដោយគ្មានសាច់ញាតិណាដឹងឡើយ ។

ក្រោយមានហេតុការណ៍នេះកើតឡើងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការ​ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពង្របាន ចុះដល់កន្លែងកើតហេតុដោយ​បានបង្កើតគណៈកម្មាធិការ ត្រួត​ពិនិត្យ​សាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំផងដែរ។

ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពយ៉ាងយូរ សមត្ថកិច្ចជំនាញ ពុំរកឃើញមានស្លាកស្នាមអ្វី ពាក់ពន្ធ័ឃាតកម្មនោះទេ ហើយបានសន្និដ្ឋានថា បុរសឈ្មោះ យ៉ន ផាន ស្លាប់នៅចន្លោះម៉ោង១២ទៅ៣រំលងអធ្រាត្រ ដោយការធ្វើអត្តឃាតចងកដោយជំងឺសរសៃប្រសាទ រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖