ព័ត៌មានទាន់ហេតុការណ៍៖

ទាំងសំណាង និងសមត្ថភាព ឱក សុគន្ធកញ្ញា មិនរបូតតំណែងពីកម្មវិធីសំដាប់ពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសរសើរភព្វសំណាង និងទេពកោសល្យរបស់តារា ចម្រៀងស្រី លំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា ដែលទទួលបានតំណែងថ្មីជា បន្តបន្ទាប់ ក្នុងនាមជាគណៈកម្មការក្នុងកម្ម វិធីប្រកួតចម្រៀងលំដាប់ ពិភពលោកមួយចំនួនដែលត្រូវ បានធ្វើឡើងនៅកម្ពុជា ។

ការបង្ហាញខ្លួនក្នុង​តំណែង​ជា​គណៈកម្មការ​នៅ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​មួយ​ គឺ «X-Factor Cambodia» ដែលជា​កម្មវិធី​ថ្មី​សន្លាង​មួយ​ នៅ​ប្រទេស​កម្ពុជានោះនាងទទួលបាន​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជនជាថ្មី​ ។ ក្រៅពីតារាស្រីរូបនេះ គេសង្កេតឃើញមានគណៈកម្មការថ្មីពីររូបគឺលោក ខេមរៈ សិរីមន្ត និងកញ្ញា សុខ សីឡាលីន ខណៈដែលជួបដៃគូចាស់ លោក ណុប បាយ៉ារិទ្ធិដដែល ។

អ្វីដែលគេចាប់អារម្មណ៍ចំពោះ ឱក សុគន្ធកញ្ញា នោះគឺនាងកាន់តំណែងយ៉ាងជាប់ណែនដៃ៣កម្មវិធីធំៗ កន្លងមកហើយដូចជាកម្មវិធី​ប្រឡង​ចម្រៀង «The Voice Cambodia» ទាំង ២ រដូវ​កាល កម្មវិធី​ប្រឡង​ចម្រៀង​កុមារ «The Voice Kids Cambodia» ចំនួន ២ រដូវ​កាល និង កម្មវិធី «Cambodian Idol» ទាំង ៣ រដូវ​កាលបន្តបន្ទាប់គ្នា ។ ចុងក្រោយគឺនាងអាចទទួល បានឱកាសក្នុងកម្មវិធីថ្មីដែល ល្បីល្បាញពាសពេញសាកលលោក។

កម្មវិធីនេះ ត្រូវបានគេដឹងថា ត្រៀមនឹងបញ្ចេញក្នុងពេលដ៏ខ្លី ខាងមុខដែលជាកម្មវិធីប្រឡង ចម្រៀងថ្មីប្លែកមួយទៀតទើបនឹងនាំចូលមកកម្ពុជាដោយទូរទស្សន៍ហង្សមាស ហើយបានប្រើប្រាស់សុទ្ធតែតារា ចម្រៀងប្រចាំផលិតកម្មខ្លួនជា​គណៈកម្មការ ។ អ្នកសិល្បៈរួមជំនាន់បានសរសើរ ពីភព្វវាសនារបស់តារាស្រីរូបនេះដែលមិនត្រឹមតែលេចធ្លោរឈាន មុខ ព្រោះសមត្ថភាពរបសនាង ប៉ុណ្ណោះទេ នាងក៏មានអនាគតស្វាមី ជាប់សាច់ឈាមនឹងថៅកែក្រុម ហ៊ុនហង្សមាសផងដែរ ។

គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតចម្រៀង X-Factor គឺជាកម្មវិធីទូរទស្សន៍មួយ ដ៏ល្បីដែលមានប្រភពកំណើត មកពីប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ដែលបង្កើតឡើងដោយផលិតករ ទូរទស្សន៍ល្បីឈ្មោះជនជាតិអង់គ្លេសលោក Simon Cowell ។ កម្មវិធីនេះ ត្រូវបានបណ្តាប្រទេសជា ច្រើននៅជុំវិញពិភពលោក បានទិញសិទ្ធិយកទៅរៀបចំផលិត និងប្រកួតប្រជែង ។

នៅកម្ពុជា កម្មវិធីនេះ ក៏បានចាប់ផ្តើមបើកទទួលយកពាក្យពីបេក្ខជនដែលមានបំណងចូលរួមប្រឡងផងដែរ ដែលបេក្ខជនត្រូវបានកំណត់ចាប់ពីអាយុ១៤ឆ្នាំឡើងទៅហើយអ្នក ជាប់ជ័យលាភី នឹងទទួលបានរង្វាន់ទឹកប្រាក់សុទ្ធចំនួន១០០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រា ជំនាន់ថ្មីរបស់ផលិតកម្មហង្សមាសផងដែរ ៕ វឌ្ឍនា


ចែករំលែក៖