ភ្នំពេញ៖ នៅយប់ថ្ងែសៅរ៍ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៩ លោក ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានចុះពិនិត្យការធ្វើជំរឿនពិសេស ចំពោះ ប្រជាជនឆ្លងកាត់ គ្រួសារគ្មានផ្ទះ សម្បែងនៅទីតាំងផ្សារ ដើមគ ផ្សារនាគមាស ស្ថិតនៅ ក្នុង សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅរាជធានីភ្នំពេញ នៅម៉ោង៨យប់នេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការសម្ភាសន៍របស់មន្ត្រីជំរឿនលើជនអនាថា និងជនគ្មានទីលំនៅ នៅម្តុំផ្សារដើមគរ និងជិត Naga World។
នៅព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០១៩ លោកឃួង ស្រេង អភិបាលរាជធានី និងក្រុមការងារ បានមកធ្វើជំរឿននៅ ភូមិគ្រឹះ សម្ដេចពិជ័យសេនា ទៀបាញ់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឲ្យការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ…-ល-។ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម និងផ្តល់កិច្ចសហការ ជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩) ។
ដោយឡែក ទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩។ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួមផ្តល់ព័ត៌មានតាម សំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ។
គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី ខណ្ឌ សង្កាត់ ត្រូវបង្កើនអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ក្នុងការដឹកនាំធ្វើជំរឿន និងជួយសម្របសម្រួល ជាមួយមន្ទីរផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់ នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ដើម្បីឲ្យមន្ត្រីជំរឿនធ្វើការរាប់សម្ភាសន៍ប្រជាជនរស់នៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានអស់ដោយមិនរំលងចោលនរណាម្នាក់ឡើយ ព្រមទាំងត្រួតពិនិត្យតាមដានការងារជំរឿន នៅមូលដ្ឋាន ការប្រមូលបញ្ជីរសំណួរជំរឿនដែលបំពេញរួច និងការងារផ្សេងៗទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័ន ឬ គ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត តាមសេចក្តីណែនាំខាងលើនេះ ឲ្យបានល្អប្រសើរ។
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោយការអំពាវនាវ របស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុចនេះ ខ្ញុំបានសង្កេតឃើញ និង បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង បញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖ ១- ចំពោះចម្ងល់ដែលបានលើកឡើងថាតើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា ពិសេស បងប្អូនដែលកំពុងធ្វើការ នៅក្រៅប្រទេសតើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា? បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេសគឺមិនតម្រូវឲ្យត្រឡប់ចូល ប្រទេស នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារសម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជា ពលរដ្ឋ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ ។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅក្រៅប្រទេសសូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវនិងទទួលលទ្ធផលយកជាការបាន ។ ២- ចំពោះ
ចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និង មិនមែនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើងបានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ។
ជាថ្មីម្តងទៀតលោកសូមអំពាវនាវដល់ប្រជាជន ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏ មានសារៈសំខាន់ ឲ្យបានគ្រប់ ៗគ្នា ប្រកប ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍នៃប្រទេសជាតិយើង ៕ សំរិត