ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី១០៨ ឆ្នាំ២០១៩ លោកស្រី ម៉ាណ ណាវី អ្នកតំណាង រាស្ត្រមណ្ឌលភ្នំពេញ បានអញើញជួបសំណេះសំណាល ជាមួយ សិស្សានុសិស្សនារីខ្មែរឥស្លាមចំនួន ១៧០នាក់នៅសាលា រៀនឥស្លាមកំរិត២ អាន់នៀក ម៉ះភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ដោយបាននាំយកអំណោយមនុស្សធម៌ជាអង្ករចំនួន០៤តោន មកចែកជូនដល់សាលានេះ សម្រាប់ចាត់ចែង ធ្វើម្ហូបអាហារដល់លោក គ្រូ អ្នកគ្រូ ដែល ស្នាក់នៅទីនេះផង ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីព្រឹក ថ្ងៃពុធ១កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ មីនា ឆ្នាំ ២០១៩ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកស្រី ក៏បានផ្តាំផ្ញើដល់ប្អូន ក្មួយៗជាសិស្សានុសិស្សៗ ដែលជាទំពាំងស្នងឫស្សីទាំងត្រូវខិតខំរៀនសូត្រ និងជៀសចេញអោយឆ្ងាយពីគ្រឿងញៀន ជាពិសេសប្អូនៗសិស្សានុសិស្ស ជានារីឥស្លាមផង នោះត្រូវតែប្រកាន់ខ្ជាប់នៅកិរិយាមាយាទ តាមច្បាប់សាសនា អោយបានខ្ជាប់ខ្ជួនជានិច្ច។ ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងក៏បានជ្រើសរើសយកប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ជាប្រធានបទមួយ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសំរាប់យើងទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឲ្យ មានសន្តិភាព សន្តិសុខ និងវឌ្ឍនភាព យូរអង្វែងរបស់សង្គមជាតិ។
ប្រធានបទនេះត្រូវបានជ្រើសរើសយក ចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគ្រិះនៃការអភិវឌ្ឍ ប្រទេសជាតិ និងស្របពេលដែលតម្លៃ និងកិត្តិយសរបស់ស្ត្រីក្នុងប្រទេសយើងត្រូវបានលើកដម្កើង ដោយរាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់សិទ្ធ ស្ថានភាព ជីវភាព ឋានៈ និងតួនាទីរបស់ស្រ្តីក៏ដូចជាសុខុមាល ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្ត្រី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាលនេះ លោកស្រីក៏ បាននាំយកនូវអំណោយ ជាសម្ភារសិក្សានិងអង្ករចំនួន០៤ តោន សម្រាប់យកមក ឧបត្ថម្ភដល់សាលានេះផងដែរ៕ សំរិត