ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin នឹងលក់យន្តហោះចម្បាំង​៦៦គ្រឿងដល់តៃវ៉ាន់

ចែករំលែក៖

បញ្ហាកោះតៃវ៉ាន់ តែងតែធ្វើឲ្យអាមេរិក និងចិន ប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ហើយមានតែអាមេរិកប៉ុណ្ណោះ ដែលលក់អាវុធដល់កោះតៃវ៉ាន់ ក្រៅពីនេះគឺគ្មានប្រទេសណាមួយ ហ៊ានលក់អាវុធ​ឲ្យតៃវ៉ាន់ឡើយ ។ ដោយសារតែតៃវ៉ាន់ជាផ្នេកមួយនៃទឹកដីចិនមិនអាចខ្វះ​បាន ហើយការលក់អាវុធនោះ គឺជាការបំពានច្បាប់ចិនតែមួយ ។

ដើម្បីពង្រឹងសមត្ថភាព ខ្លាចចិនវាយប្រហារដណ្តើមគ្រប់គ្រងកោះតៃវ៉ាន់បានបង្កើនការទិញអាវុធ​បន្ថែមពីអាមេរិក ក្នុងនោះមានយន្តហោះ ចម្បាំង ​៦៦គ្រឿង ប្រភេទ​ F-16V របស់អាមេរិកក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ដែលមានបច្ចេកវិទ្យាទំនើបជាង ​F-16 របស់ក្រុមហ៊ុនផលិតសព្វាវុធ​ Lockheed Martin ។

តាមកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុននឹងផ្តល់តែយន្តហោះប៉ុណ្ណោះ ដោយមិនមានការហ្វឹកហ្វឺនដល់ក្រុមអាកាសយានិកក្នុងការ ប្រើប្រាស់យន្តហោះ ក៏ដូចជាអាវុធវាយប្រហារពីលើយន្តហោះទៅទីតាំងនៅលើដី និងលើអាកាស ។ ក្រៅពីនេះ ​ក្រុមហ៊ុន​ ធានា ថែរក្សា ជួសជុលផងដែរ។

ការប្រកាសព័ត៌មានទិញយន្តហោះខាងលើ​កើតឡើងក្នុងពេលដែល​ មានការបារម្ភពីសកម្មភាពបង្កើនកម្លាំងយោធារបស់ចិននៅក្នុងតំបន់​ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បាន​ដាក់ពង្រាយ​យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ដែលមានចម្ងាយពីកោះតៃវ៉ានតែ​៤៥០គីឡូម៉ែត្រ ប៉ុណ្ណោះ​។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងមិនទាន់មានប្រតិកម្មអ្វីជុំវិញគម្រោងទិញយន្តហោះខាងលើនោះឡើយ ។ កន្លងមកចិនតែងតែថ្កោលទោសដល់អាមេរិកដែលលក់អាវុធដល់កោះតៃវ៉ានដើម្បីប្រឆាំងនិងរដ្ឋាភិបាលចិន ជាការបំពានទៅនឹងច្បាប់ចិនតែមួយដែលអាមេរិកបានព្រមព្រៀង ៕


ចែករំលែក៖