ទិន្នផលកសិកម្មកូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងឆ្នាំ នៅក្នុងឆ្នាំនេះ ធ្វើឲ្យពលរដ្ឋប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ក្តីសង្ឃឹមពីការរួចផុតទណ្ឌកម្ម របស់អាមេរិក នៅក្នុងជំនួបពិភាក្សា នៅប្រទេសវៀតណាម ប៉ុន្តែមិនទទួលបានជោគជ័យ ឡើយ ។ នៅពេលនេះ អាមេរិកបានប្រកាសថានឹងបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀត ប្រសិនបើប្រទេសនេះបន្ត កម្មវិធីមីស៊ីល និងបរមាណូ ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពលរដ្ឋកូរ៉េខាងជើង ជាង១១ពាន់នាក់ប្រឈមកង្វះស្បៀងអាហារ ក្រោយផលិតផលកសិកម្មធ្លាក់ចុះ ។ កុមារៗនៅក្នុងចំណោមនោះ គ្មានការរីកលូតលាស់ធំធាតុ តាមធម្មជាតិនោះឡើយ ក៏ព្រោះតែកង្វះអាហារូបត្ថម្ភនេះផងដែរ ។
របាយការណ៍អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ បញ្ជាក់ថា តាមការប៉ាន់ប្រមាណ ពលរដ្ឋប្រហែល ១១ លាននាក់នៅកូរ៉េខាងជើង ស្មើប្រហែល៤៣ភាគរយ នៃពលរដ្ឋសរុបក្នុងប្រទេសនេះ ស្ថិតក្នុងកង្វះអាហារូបត្ថម្ភ របបអាហារហូបចុកមិនគ្រប់គ្រាន់រៀងរាល់ថ្ងៃ ។
ប្រធានអង្គការ UN ប្រចាំនៅកូរ៉េខាងជើង លោក Tapan Mishra បញ្ជាក់ថា កង្វះអាហារូបត្ថម្ភនេះ គំរាមកំហែងយ៉ាងខ្លាំងដល់ការលូតលាស់របស់កុមារ តាមធម្មជាតិរបស់វា ។ ជាក់ស្តែងកុមារម្នាក់ ក្នុងចំណោម៥នាក់ បានក្រឹន មិនធំធាតុនោះឡើយ ដោយសារតែកង្វះអាហារូបត្ថម្ភដ៏រីករាលដាលនេះ ។
លោក Mishra បញ្ជាក់ថា កាលពីឆ្នាំមុន UN បានអំពាវនាវរកជំនួយមនុស្សធម៌ ១១១ លានដុល្លារ សម្រាប់ជួយដល់មនុស្ស ៦ លាននាក់នៅកូរ៉េខាងជើង ដែលត្រូវការជំនួយបំផុត ប៉ុន្តែបានលទ្ធផលត្រឹម១៤ភាគរយប៉ុណ្ណោះ នៃគម្រោងថវិកាសរុប ។ នេះជាការផ្តល់ជំនួយដ៏ទាបបំផុត នៅក្នុងពិភពលោក ។
លោក Stephane Dujarric អ្នកនាំពាក្យ UN ថ្លែងកាលពីថ្ងៃទី៦ ខែមីនាថា អង្គការសហប្រជាជាតិ ក្រុមមនុស្សធម៌នៅក្នុងប្រទេសកូរ៉េខាងជើង អំពាវនាវរកជំនួយ ប្រហែល ១២០ លានដុល្លារ ដើម្បីសង្គ្រោះអាយុជីវិតជាបន្ទាន់ដល់មនុស្សប្រហែល៣.៨លាននាក់ ។
កាលពីខែមុន រដ្ឋាភិបាលកូរ៉េខាងជើង បានស្នើឲ្យអង្គការមនុស្សធម៌អន្តរជាតិ ជួយចំពោះបញ្ហាកង្វះខាតអាហារូបត្ថម្ភនេះផងដែរ ។ មានការរំពឹងថា នៅក្នុងឆ្នាំ២០១៩នេះ ការផ្តល់ជំនួយមនុស្សធម៌ ធ្វើយ៉ាងម៉េចឲ្យបានប្រហែល១,៤លានតោន ទើបគ្រប់គ្រាន់ ។ ជំនួយទាំងនោះ មានដូចជាអង្ករ, ស្រូវសាលី, ដំឡូង និងសណ្តែកសៀងផងដែរ ។
ជាមួយគ្នានេះដែរ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ គឺ លោក ចន បូលតុន (John Bolton) បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងគិតគូរដាក់ទណ្ឌកម្មថែមទៀតលើប្រទេសកូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះបង់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោលទេនោះ។
ឆ្លើយតបជាមួយបណ្តាញសារព័ត៌មានអាមេរិក Fox Business Network លោក Bolton បានបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលថា តើ ទីក្រុងព្យុងយ៉ាងគោរពតាមការសន្យារបស់ខ្លួន អំពីការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ព្រមទាំងអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធជាមួយវាដែរ ឬយ៉ាងណា…»។
លោក Bolton បានបន្តថា «ប្រសិនបើពួកគេមិនព្រមធ្វើតាមពាក្យសន្យារបស់ខ្លួនទេនោះ ខ្ញុំគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗរួចហើយថា ពួកគេនឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានដាក់ទៅលើពួកគេឡើយ ខណៈបើតាមពិតទៅនោះពួកយើងនឹងពិចារណាដាក់ទណ្ឌកម្មឲ្យខ្លាំងថែមទៀត»។
ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា កូរ៉េខាងជើងបានសាងសង់ផ្នែកមួយចំនួនឡើងវិញ នៃទីតាំងបាញ់គ្រាប់មីស៊ីល ដែលខ្លួនបានចាប់ផ្តើមរុះរើចោល ក្រោយពីខ្លួនធ្លាប់បានសន្យាថា មិនធ្វើដូច្នោះក្នុងអំឡុងជំនួបកំពូលលើកទីមួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលឆ្នាំមុន។ ការសាងសង់នេះត្រូវគេអះអាងថា ទំនងជាធ្វើឡើងកាលពីចន្លោះថ្ងៃទី១៦ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា រីឯទីតាំងបាញ់មីស៊ីលនោះ មានឈ្មោះថា តុងឆាងរី (Tongchang-ri)។
គួរជម្រាបថា ការធ្វើអត្ថាធិប្បាយរបស់លោក Bolton បានកើតមានបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈរវាងលោក ត្រាំ និងលោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយបាតដៃទទេ ដោយសារភាពមិនចុះសម្រុងគ្នាជុំវិញឆន្ទៈរបស់កូរ៉េខាងជើងក្នុងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងឆន្ទៈរបស់អាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ៕