ភ្នំពេញ៖ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍ ធនធានមនុស្ស» នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាខណ្ឌមានជ័យ បានរៀបចំពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ។
ក្នុងពិធីនោះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចាត់ទុកថា ស្រ្តីជាធនធានមនុស្សដ៏មានតម្លៃ មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ជាពិសេស ក្នុងការកសាងមូលដ្ឋាន ដែលមានស្រ្តីជាថ្នាក់ ដឹកនាំជាច្រើន បានបំពេញការងារបម្រើសង្គមជាតិយ៉ាងសកម្ម និងមិនខ្លាចនឿយហត់។
លោកអភិបាលខណ្ឌ ក៏បានជំរុញផងដែរ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាព សង្គម ធ្វើការ ទប់ស្កាត់ និង កាត់បន្ថយ អំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានា ដោយសន្តិវិធីផងដែរ។
ដោយឡែកទាក់ទិន នឹងការងារចំពោះមុខ គឺការជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩នេះ លោកពេជ្រកែវមុនី ក៏បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការឲ្យបានគ្រប់ៗគ្នា នឹងស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចូលរួមក្នុងការ ការពារទប់ស្កាត់ នូវបញ្ហាជ្រុលនិយមណាមួយ ដែលអាចកើតមានឡើង ក្នុងមូលដ្ឋាន ធ្វើយ៉ាងណា បង្កលក្ខណៈឲ្យមន្រ្តីជំរឿនរបស់យើង មានលទ្ធភាពបំពេញការងារ បានសម្រេចជូនរាជរដ្ឋាភិបាល។
ជាមួយគ្នានោះ លោកអភិបាលក៏បានក្រើនរំលឹកផងដែរ អំពីស្ថានភាព អាកាសធាតុ ក្នុងរដូវប្រាំងនេះ មាន កម្តៅខ្លាំង សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពមនុស្សជាទីស្រលាញ់ នឹងត្រូវរៀបចំបំរុងទឹកសម្រាប់ប្រើប្រាស់ចាំបាច់គ្រប់ៗផ្ទះ ក៏ដូចជាបង្ការគ្រោះអគ្គិភ័យ និងហានិភ័យទាំងឡាយ ដែលអាចកើតមានជាយថាហេតុ ។
សូមជម្រាបថា ពិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ២០១៩ ដែលសាលាខណ្ឌមានជ័យ រៀបចំនេះ ធ្វើឡើងគឺដើម្បីរំលឹក ឡើងវិញពីវីរៈភាពរបស់ស្ត្រី ដែលបានប្រឆាំង នឹងលក្ខខណ្ឌការងារ តួនាទីរបស់ស្រ្តី ក្នុងកិច្ចការសន្តិភាព ការអភិវឌ្ឃន៏ ការជំរុញឲ្យបញ្ឃប់នូវការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញផងដែរ ៕ តាឡឹម