ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានជ្រោយចង្វារទី១ បើកដំណើរឡើងវិញ ថ្ងៃទី៣ មេសា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-កម្ពុជា ឬ ស្ពានជ្រោយចង្វារទី១ នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នេះ ។

ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។

ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។

ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ៕ ចេស្តា


ចែករំលែក៖