ភ្នំពេញ៖ បើទោះបីជាលេចចេញដំណឹង អំពីការប្រកាសពហិការមិនចូល រួមទស្សនាការសម្តែងរបស់លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ នៅសហរដ្ឋអាមេរិកពីសំណាក់ អាណិកជនខ្មែររស់នៅទីនោះមួយចំនួនក្តី ក៏គម្រោងចាកចេញ នេះ មិនមានការប្រែប្រួលឡើយ ។ ក្រៅពីការមិនប្រែប្រួលអ្នកសម្របសម្រួលកម្មវិធីនៅទីនោះ ថែមទាំងរំពឹងថាកម្មវិធីប្រគំតន្ត្រីនេះនឹងធ្វើឲ្យកក្រើកដល់ភ្ញៀវចូល រួមដែលភាគច្រើនជាអាណិកជនខ្មែរ ។
គេដឹងថាព្រាប សុវត្ថិ និងកូនៗទាំង៣ បូករួមទាំងក្រុមភ្លេងលោកផង គ្រោងនឹងទៅធ្វើបេសកកម្មសិល្បៈជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយពីខកខានអស់ពេលប្រមាណ៦ឆ្នាំ ។ ថ្មីៗនេះមានការបំផុសបំផុលពី សំណាក់អ្នករស់នៅទីនោះមួយ ចំនួនលើកឡើងថា ពួកគេនឹងមិនចូលរួមទស្សនាការប្រគំតន្ត្រីរបស់កំពូលតារាចម្រៀង រូបនេះទេ ហេតុផលដែលតារារូបនេះ ក៏មានតួនាទី និងការងារក្នុងក្រមខណ្ឌ មន្ត្រីការពារជាតិនៅកម្ពុជា ។ ទោះជាយ៉ាងណាការបំផុស បំផុលនេះហាក់មិនទទួលបាន ការគាំទ្រច្រើននោះទេ។
តាមការបញ្ជាក់របស់អតីត តារាចម្រៀង ហង្ស ឈា បញ្ជាក់ថា នេះគឺជាជំហានថ្មីដ៏ធំមួយទៀតនៅក្នុងបេសកកម្មបម្រើអារម្មណ៍ និងភាពសប្បាយរីករាយរបស់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយកាលពីប្រមាណ៦ឆ្នាំមុន លោកបានធ្វើម្ដងហើយជាមួយកំពូលតារាចម្រៀងមកកពីកម្ពុជារូបនេះ ដែលកាន់តែពិសេសគឺអមដំណើរដោយកូនប្រុសទាំងបីដែលពោរ ពេញដោយសមត្ថភាព និងទេពកោលស្យ ។
លោកថា លើកនេះ លើកនេះខុសប្លែក និងរឹតតែធំជាងមុន ហើយលោកមានក្ដីរំពឹងខ្ពស់លើការងារនេះថា នឹងទទួលបានជោគជ័យ ។
លោក ចាត់ទុកវាថាជា ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ធំបំផុតនៅអាមេរិក ហើយខ្ញុំ ក៏ដូចជាដៃគូរៀបចំ សង្ឃឹមខ្ពស់ថា នឹងជោគជ័យ ព្រោះថា កាលពីបង ព្រាប សុវត្ថិ មកកាលពី៦ឆ្នាំមុនតែម្នាក់ឯង ទទួលបានការគាំទ្រខ្លាំងណាស់ ហើយលើកនេះ មានកូនៗគាត់ទាំង៣ ទៀត ដែលពួកគេកំពុងមានការចាប់អារម្មណ៍ទៀត ។ ដូច្នេះលោកជឿថា នឹងមានការគាំទ្រខ្លាំងជាងមុន និងសប្បាយជាងមុន ។
តាមការគ្រោងទុក លោក ព្រាប សុវត្ថិ និងកូនទាំង៣ នៅមានក្រុមភ្លេង និងតារាចម្រៀងស្រីក្នុងក្រុមភ្លេងលោកម្នាក់ទៀត សរុបមានគ្នា ៩នាក់ នឹងត្រូវធ្វើដំណើររួមគ្នាទ្រង់ទ្រាយធំដើម្បីចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសមហាអំណាចពិភពលោកនេះនៅពាក់កណ្តាលខែមេសាខាងមុខ ។
ក្រុមតារាចម្រៀង និងតន្ត្រីករនេះក៏ នឹងត្រូវស្នាក់នៅអាមេរិកយ៉ាងតិច ២ ទៅ ៣ខែឯណោះ ព្រោះតាមអ្នករៀបចំ ពួកគេមានកាលវិភាគច្រើនដែលត្រូវធ្វើដំណើរសម្ដែងទៅកាន់រដ្ឋ និងទីក្រុងរបស់អាមេរិក ប្រមាណមិនតិចជាង ២០ ទីក្រុងនោះទេដូចជា ទីក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និងរដ្ឋ ទីក្រុងធំៗជាច្រើនទៀត ដែលមានបងប្អូនខ្មែររស់នៅច្រើន ។
បេសកកម្មនេះ លោកថា ដើម្បីផ្ដល់ភាពសប្បាយរីករាយ ដល់បងប្អូនខ្មែរជាពិសេស នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងមកដល់នៅពាក់កណ្ដាលខែក្រោយ ៕ វឌ្ឍនា