ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ការដឹកឈើ​នៅស្រុកភ្នំក្រវាញ ធ្វើឡើងជាចំហរ

ចែករំលែក៖

គេធ្លាប់ឃើញ​ប្រជាពលរដ្ឋ​ដឹកស្រូវអង្ករ​ជាចំហរ ប៉ុន្តែនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សកម្មភាពដឹកជញ្ជូនឈើគ្រប់ប្រភេទ ក៏គេធ្វើឡើង​ជាចំហរ​ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង និយាយរួមទៅ វា​ហាក់ដូចជា​មិនមែនជាទង្វើខុសច្បាប់ ។ ក្រុមអ្នករកស៊ីដឹកឈើ បានអះអាងប្រាប់អ្នកកាសែតជាចំហរថា «បើមិនប្រាប់​​គេមុន ធ្វើម៉េចចេញរួចពូ!» ។ «គេ» គឺសម្តៅទៅលើ​មេព្រៃប្រចាំនៅស្រុក​ភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ដែលនៅទីនោះដឹកនាំដោយ​លោក ពាក្យ មនោ នាយសង្កាត់លាច និងលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ ។

សកម្មភាពដូច​ក្នុងរូបភាពនេះ គឺស្ថិតនៅចំណុចទឹកល្អក់ នៃភូមិប៉ែន ឃុំលាច, ភូមិក្សេត្របុរី ឃុំសន្ទ្រែ, ភូមិសាយ ឃុំព្រងិល… ស្ថិតក្នុងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់ ។ ឈើគ្រប់ប្រភេទ​ជាពិសេស​ឈើបកសម្បក ដែលបានមកពីការកាប់ឈើ​នៅខ្ចីៗ ទំហំមួយតឹក ទៅបីតឹក ត្រូវបានគេដឹកតាមគោយន្តកន្ត្រៃ និងរថយន្តកែច្នៃ ។ នៅទីនេះ គឺស្ថិតក្នុងស្រុកភ្នំក្រវាញ សកម្មភាពនៃការដឹកជញ្ជូនឈើ ពួកឈ្មួញ​បានទូរស័ព្ទទាក់ទងជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលមានលោកពាក្យ មនោ និងលោកសួស សុផានិត ជាមេខ្លោង ។ ក្រុមអ្នកដឹកឈើអះអាងថា ចេញពីដើមទីរហូតដល់ចុងទី ត្រូវចំណាយយ៉ាងហោចណាស់​មួយគោយន្ត២លានរៀល ឬប្រហាក់ប្រហែល៥០០ដុល្លារ ។ ក្រុមមន្ត្រីព្រៃឈើ​មិនបាច់ចេញមុខមកឈរយកលុយពីពួកអ្នករកស៊ីដឹកឈើនោះទេ គឺគ្រាន់តែ​ទូរស័ព្ទ​ប្រាប់​មុន ជាការស្រេច ។ លោក សួស សុផានិត ត្រូវគេអះអាងថា បាននិងកំពុងឈរជើង​នៅ​ឃុំរកាតឯណោះ ។

ការដឹកជញ្ជូនឈើប្រៀបដូចក្បួនកឋិនទាន ដែលក្នុងនោះ រ៉ឺម៉កដឹកឈើ​មួយគ្រឿងអាចផ្ទុកឈើបានរហូតដល់៨ម៉ែត្រគូប ។ រថយន្តកែច្នៃ ឬគោយន្តបន្តកន្ទុយគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចរអែង​ច្បាប់ទម្លាប់ស្រុកទេសអ្វីឡើយ ។ និយាយរួមទៅ នៅទូទាំងខេត្តពោធិ៍សាត់ តំបន់ដែលមានព្រៃឈើ គឺគេ​កាប់បំផ្លាញ និងដឹកជញ្ជូន​ជាចំហរ ហើយវាក៏ជាទម្លាប់ទៅហើយដែរ ។ នៅស្រុកភ្នំក្រវាញ លោកសួស សុផានិត និងលោកពាក្យ មនោ ត្រូវបានអ្នករកស៊ីដឹកឈើទាំងនោះអះអាងថា គ្មាននរណាមួយអាចគេចពីកណ្តាប់ដៃគាត់បានទេ ប្រសិនបើរួចមួយជើង ថ្ងៃក្រោយ នឹង​ជួប​រឿងអាក្រក់មិនខានឡើយ ៕


ចែករំលែក៖