ភ្នំពេញ៖ ក្រោមការដឹកនាំផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនគ្រឿងញៀន និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំង កម្លាំងជំនាញ ចំនួន ២ ការិយាល័យ (ក៥-ក៨) ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចបានលទ្ធផលដូចខាងក្រោម៖
ករណីទី១៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ញៀន(ក៥) សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាវ វណ្ណា នាយការិយាល័យ បានចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ លទ្ធផល៖ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ភុំ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ។
សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន ៖ គ្រឿងញៀន ក្រាមប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចាប់ធំ ស្មើទម្ងន់ 960.26g ។
ករណីទី២៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង២១និង២៥នាទី កម្លាំងជំនាញ” ក៨ ” នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្ញើម៉ូតូ ខុនដូ (ឌឹប្រាយ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ(កោះពេជ្រ) លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ តាំង ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ២.ឈ្មោះ សេង វណ្ណណូ ភេទប្រុស កើត១៩៩២ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រិបអូសវត្ថុតាង : គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) 202.02g កេតាមីន(Ketamine) 0.19g អ៊ិចស្តាស៊ី(MDMA) 0.26g ។
ជនសង្ស័យនិងវត្ថុតាងត្រូវចាត់ការតាមនីតិវិធី៕