ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើពិធីប្រគល់ទទួល Computer Laptop ចំនួន ២គ្រឿង និងឧបករណ៍ស្កេនក្រយៅដៃ ចំនួន ២គ្រឿង ជូនទៅ អធិការដ្ឋាននគរបាល ខណ្ឌ សែនសុខ និង អធិការដ្ឋាននគរបាលខណ្ឌ ៧មករា នៃស្នងការនគរបាលរាជធានីភ្នំពេញ សម្រាប់ស្កេនក្រយៅដៃជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង មុខសញ្ញាបទល្មើសគ្រឿងញៀន (Database System) ។
សូមបញ្ជាក់ថា មន្ទីរប្រឆាំងគ្រឿងញៀនបានកសាងប្រព័ន្ធគ្រប់គ្រងមុខសញ្ញាបទល្មើស គ្រឿងញៀន (Database System) ឡើងក្នុងគោលបំណងគ្រប់គ្រងមុខសញ្ញាបទល្មើស គ្រឿងញៀន និងទិន្នន័យបទល្មើសគ្រឿងញៀន ហើយបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៦ ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងបានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញចំនួន ៤វគ្គរួចមកហើយផងដែរ ។ ដោយឡែកឧបករណ៍ស្កេនក្រយៅដៃ បច្ចុប្បន្នបានបំពាក់ និងដាក់ដំណើរការប្រើប្រាស់ដល់អង្គភាពចំនួន ៨ រួចមកហើយ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ទិសដៅបន្ត៖ មន្ទីរប្រឆាំងគ្រឿងញៀន នឹងបំពាក់ឧបករណ៍ស្កេនក្រយៅដៃដល់គ្រប់ស្នងការដ្ឋាននគរ បាលខេត្ត និងអធិការដ្ឋាន នគរបាល នៅរាជធានីភ្នំពេញ ៕