ព័ត៌មានទាន់ហេតុការណ៍៖

អាប់ភីស៊ីត វេចាជីវ៉ា ប្រឆាំង ប្រាយុទ្ធ ចាន់អូចា ដែលប្រាថ្នា បន្តតំណែងនាយករដ្ឋមន្ត្រី

ចែករំលែក៖

មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោកអាប់ភីស៊ីត វេចាជីវ៉ា (Abhisit Vejjajiva) ប្រកាន់ជំហរបក្សរបស់ខ្លួន ប្រឆាំង ប្រាយុទ្ធ ចាន់ អូចា (Prayut Chan-o-cha) ដែលប្រាថ្នា អង្គុយកៅអីនាយករដ្ឋមន្ត្រីបន្តទៀត ក្រោយបោះឆ្នោត ដែលគ្រោង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ។

លោក អាប់ភីស៊ីត បានថ្លែងតាមវីដេអូ រយៈពេល៣៣ វិនាទី បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ថា លោកមិនគាំទ្រដាច់ខាត លោក ចាន់អូចា ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី តែម្នាក់គត់ នៃគណបក្ស Palang Pracharath (PPRP) ។ ពីព្រោះការ កាន់អំណាច យូរអង្វែងបែបនេះ អាចបង្កើតឲ្យមានជម្លោះនយោបាយ និងប្រាស់ចាកពីទ្រឹស្តីនយោបាយ ដែលថា គិតគូរផលប្រយោជន៍ពលរដ្ឋជាមុនដំបូងគេនោះ ។

លោក អាប់ភីស៊ីត បន្តទៀតថា ក្រោយកាន់តំណែងជាមេដឹកនាំប្រទេសថៃ ៥ឆ្នាំរបស់លោកប្រាយុទ្ធ ចាន់អូចា សេដ្ឋកិច្ចថៃ មានការធ្លាក់ចុះក្នុងសភាពថមថយ ធ្វើឲ្យប្រទេសជាតិរងទុក្ខវេទនាយ៉ាងខ្លាំង ។

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋថៃនឹងទៅបោះឆ្នោតដំបូងគេ ក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រី យីងឡាក់ ។ ក្រោយរដ្ឋប្រហារភ្លាម លោក ចាន់ អូចា បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់សព្វថ្ងៃ ។

ថ្មីៗនេះ តុលាការថៃ បានសម្រេចរំលាយគណបក្សថៃរក្សាជាតិ ដែលគេដឹងថា មានភាពជិតស្និទ្ធជាមួយត្រកូលថាក់ស៊ីន ក្រោមលេស តែងតាំងព្រះរាមរបស់ព្រះមហាក្សត្រថៃ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ផ្ទុយពីរដ្ឋធម្មនុញ្ញ ។

ការបោះឆ្នោតលើកនេះ ត្រូវបានគេមើលឃើញថា មានការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវ រវាងក្រុមស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ នឹងក្រុមដែលគាំទ្ររបបយោធា និយមពួកអភិជន ៕


ចែករំលែក៖