ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋបាន ប្រទះឃើញសាកសពធ្វើ អត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ផ្ទះជួល (ផ្ទះបោះបង់ ចោល) ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រាន់តែទទួលបានព័ត៌មានភ្លាមៗ កម្លាំងផ្នែកពិនិត្យ វិភាគ សហការជាមួយកម្លាំង ផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍នគរបាល ស្រុកអន្លង់វែង, គ្រូ ពេទ្យសរុបចំនួន៦នាក់ បានចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ ចម្ងាយពីផ្លូវប្រហែល ១០០ម៉ែត្រ ក្នុងបន្ទប់ជួលចាស់ ។
ជនរងគ្រោះ ឈ្មោះ ជា ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ អូរជញ្ជៀន ឃុំ/ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ បានបាត់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី។
សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យ នៅកន្លែងកើតហេតុ សាកសពបានស្លាប់ក្នុងស្ថានភាពចង.ក ដោយខ្សែអង្រឹង ពណ៌ ខ្មៅ ប្រវែងប្រហែល០២ម៉ែត្រ ចងភ្ជាប់នឹងផ្លាន ក្នុងបន្ទប់ជួលចាស់ គ្មានមនុស្សនៅ សាកសពពាក់អាវយឺត ស ដៃខ្លី ស្លៀកខោពណ៌ប្រផេះ ជើងវែង មានសភាពហើមស្អុយ រលួយ ។
សមត្ថកិច្ចបានបន្តថា លើរាងកាយសាកសព មិនមានស្នាមរបួសបែកបាក់អ្វីដែលគួរឲ្យសង្ស័យ នឹងអំពើឃាតកម្មឡើយ ។
ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ យឹម ឡាយអៀង ភេទស្រី អាយុ៦២ឆ្នាំ (ត្រូវជាបងបង្កើត) និង ឈ្មោះយឹម សុម៉ាលី ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជា (ក្មួយបង្កើត) បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានជំងឺសរសៃប្រាសាទ ដោយធ្លាប់មានរបួស មានអំបែងគ្រាប់ជាប់នឹងសួត, ថ្លើម,ក្បាល លេប ថ្នាំសរសៃប្រសាទជាប្រចាំ ហើយកន្លងមក ជនរងគ្រោះបានទៅធ្វើការជាមួយក្រុមហ៊ុនថៃ (ដាំធុរេន) នៅទំនប់ថ្មី ឃុំត្រពាំងតាវ អស់រយៈពេលជាង០២ ខែមកហើយ ទើបតែត្រឡប់មកលេងផ្ទះបានរយៈពេល ៣/៤ ថ្ងៃ មុនថ្ងៃបាត់ ខ្លួន ដោយជនរងគ្រោះតែង ត្អូញប្រាប់ថា ឈឺក្បាលជាប្រចាំ និងចេះតែនិយាយប្រាប់ បងស្រីថា ខ្ញុំនឹងសម្លាប់ខ្លួនហើយ មកដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១២ និង០០នាទី ក៏បានបាត់ខ្លួនតែម្ដង ហើយសាច់ញាតិក៏បាន តាមរកគ្រប់ទីកន្លែង អស់រយៈពេល០៣ថ្ងៃ តែរកមិនឃើញ ។
រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ ទើបបងស្រីឈ្មោះ យឹម ឡាយអៀង ត្រូវជាបងស្រីបង្កើត បានដើរទៅខាងក្រោយផ្ទះមានធុំក្លិនស្អុយ ហើយក៏ដើរតាមរកមក ដល់បន្ទប់ជួល ស្រាប់តែប្រទះឃើញ សាកសពបានធ្វើអត្តឃាតចង.ក ក្នុងបន្ទប់ជួលចាស់ រួចក៏បានទូរស័ព្ទប្រាប់ សមត្ថកិច្ចជំនាញចុះពិនិត្យតែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា តាមការសន្និដ្ឋាន សាកសព បានស្លាប់ដោយចង.ក ធ្វើអត្តឃាតពិតប្រាកដមែន គឺពុំមានអ្វីសង្ស័យពាក់ព័ន្ធករណីឃាតកម្មនោះឡើយ។
បច្ចុប្បន្ន បន្ទាប់ពីសមត្ថកិច្ចពិនិត្យចប់សព្វគ្រប់ ក៏បានធ្វើការប្រគល់កំណត់ហេតុ និងសាកសពជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ប៉ែន នួន