ភ្នំពេញ ៖ ស្ត្រីម្នាក់បានពកូនប្រុស អាយុ៩ឆ្នាំ ម្នាក់ទៅរកទិញខោអាវ កន្លែងបុរសម្នាក់ ដែលដាក់លក់តាមចិញ្ចើមផ្លូវ ខណៈកំពុងរើស ស្រាប់តែបាត់ខ្សែកដែលពាក់ជាប់នឹងកកូន ទើបជជែកគ្នា និងហៅទៅប៉ុស្តិ៍នគរបាលសួរនាំ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលរងការចោទប្រកាន់ខាងលើឈ្មោះ ប៊ុន ក្រៀម អាយុ៤១ឆ្នាំ មុខរបរលក់ខោអាវតាមផ្លូវ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ចំណែកស្ត្រីជាដើមបណ្តឹងឈ្មោះ លឹម គឹមសេង អាយុ៣៨ឆ្នាំ មុខរបរលក់ពូក ខ្នើយ ស្នាក់នៅភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។ រីឯខ្សែកដែលស្ត្រីខាងលើអះអាងថា បាត់នោះជាខ្សែកប្លាទីនទឹក៧ ទម្ងន់ជិត៤ជី ។
តាមប្រភពពីស្ត្រីជាដើមបណ្តឹងបានអះអាងថា មុនកើតហេតុ រូបគាត់ និងកូនប្រុសបានធ្វើដំណើរចេញពីផ្ទះដើម្បីទៅរកទិញខោអាកីឡាឲ្យកូនរបស់គាត់ហើយបានចូលទៅរើសមើនៅកន្លែងបុរសម្នាក់លក់នៅចិញ្ចើមផ្លូវ ខណៈកំពុងរើសមើលបណ្តើរ អ្នកលក់យកអាវមកពាក់លឲ្យកូនប្រុសរបស់គាត់បណ្តើរ តែមិនបានត្រូវចិត្តនោះទេ ហើយគាត់ក៏ឲ្យកូនទៅអ្នកលក់ជួយពរ រួចគាត់បន្តរើសខោអាវទៀត ។ លុះមួយសន្ទុះ ក្រោយយកកូនមកវិញស្រាប់តែបាត់ខ្សែក ដែលពាក់ជាប់ និងករបស់កូនគាត់ទើបឆោឡោ គ្មានអ្នកណាក្រៅពីអ្នកលក់ដែលពរកូនរបស់គាត់នោះទេ ជាអ្នកដោះយក និងបណ្តោះទៅឲ្យអ្នកផ្សេង ។
តាមប្រភពពីបុរសជាចុងចោទវិញបាននិយាយថា គាត់មិនបានដឹងពិតមែន ហើយក៏គ្មានចេតនាប្រព្រឹត្តបែបនេះដែរ នៅកន្លែងលក់ មានតែអ្នកលក់ និងអ្នកទិញ ហេតុអ្វីបានជាចោទគាត់បែបនេះទៅវិញ ។
ក្រោយពីផ្ទុះរឿងថា បាត់ខ្សែក ភាគីទាំង២ជជែក និងអះអាងរៀងៗខ្លួនមិនដាច់ស្រេច មានតែនាំគ្នាទៅប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចជួយកាត់ក្តីរឿងខាងលើនេះ ៕ សុខាសែនជ័យ