ភ្នំពេញ ៖ ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាចេញពីផ្សារស្ទឹងមានជ័យ ត្រូវរថយន្តធុនធំបើកបុកពីក្រោយជ្រុលកិនស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសម្តីស្ត្រីជាអ្នកឌុបបានឲ្យដឹងថា ដំបូងឡើយរូបគាត់រួមទាំងស្ត្រីរងគ្រោះបានចូលទិញសម្ភារ ក្នុងផ្សារស្ទឹងមានជ័យថ្មី ដើម្បីយកទៅរួមបុណ្យចម្រើនព្រះជន្ម ក្រោយទិញរួចរាល់ ក៏បានជិះម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ត្រួយចេក ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈជិះដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ម៉ាក ហីុយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E 0515 បើកលឿនស្របគ្នាបុកពីក្រោយបណ្តាលឲ្យស្ត្រីដែលជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តកិនក្បាលស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងចំណុចកើតហេតុ ចំណែករូបខ្លួន ជាអ្នកឌុបមិនមានរងរបួសនោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយមានករណីនេះ តៃកុងរថយន្ត រួមនិងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ ហើយចំពោះអត្តសញ្ញាណសពស្ត្រីខាងលើមានឈ្មោះ ស៊ុន សួង អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅ ខេត្តស្វាយរៀង ។
ប្រភពដដែលបន្តថា ជុំវិញគ្រោះថ្នាក់ចរាចរនេះ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងត្រង់ចំណុចកើតហេតុរួចអូសយករថយន្តបង្ក និងម៉ូតូរបស់ស្ត្រីរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសាកសពស្ត្រីខាងលើត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ