ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តកោះកុង

ចែករំលែក៖

 

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

កម្មករ កម្មការិនីដែលជួបសំណេះសំណាលជាមួយសម្តេចតេជោនៅព្រឹកនេះ មកពីស្រុកមណ្ឌល សីម៉ា ចំនួន៦ និងស្រុកស្រែអំបិលចំនួន១។ រោងចក្រសហគ្រាសទាំង៧នេះ មានអ្នកវិនិយោគមកពី ប្រទេស ជប៉ុន ចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១ ក្នុងនោះ មានរោងចក្រកាត់ដេរ សម្លៀក បំពាក់ ដេរប៉ាក់ ផលិតខ្សែបង្គំអេឡិចត្រូនិករថយន្ត ផលិតគ្រឿងអេឡិចត្រូនិក ផលិតបាល់ ដំឡើងរថយន្តនិងផលិតស្ករស។ ផលិតផលដែលផលិតបាននៅរោងចក្រសហគ្រាទាំងនេះត្រូវបាននាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការិនី នៅក្នុងខេត្តកោះកុងនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់សម្តេចតេជោរហូតមក។សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រទាំងអស់ដែលអនុញ្ញាតឲ្យកូនក្មួយកម្មករកម្មការនីបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។នេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករនិងម្ចាស់រោងចក្រ។សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម(២០១៥-២០២៥)ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដោយក្តីមោទនភាពចំពោះភាពរីកចម្រើន នៃខេត្តកោះកុង នា ពេលបច្ចុប្បន្ននេះ ដែលមានភាពខុសឆ្ងាយពីអតីតកាល។ កាលពីមុនខេត្តកោះកុងគឺមិនមានហេដ្ឋា រចនាសម្ព័ន្ធ ជាពិសេសផ្លូវធ្វើដំណើរគឺមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះ ការធ្វើដំណើរពីភ្នំពេញមក ខេត្តកោះកុងគឺមានភាពងាយស្រួលជាងមុនឆ្ងាយណាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ភាពរីកចម្រើនទាំងអស់នេះ គឺដោយសារតែ កម្ពុជាបានសម្រេចជោគជ័យនៃការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។ បន្ទាប់ពីការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ រួចហើយនោះ គឺកម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រពីរសំខាន់គឺ ១)ការប្រែក្លាយតំបន់អតីតសមរភូមិក្តៅទាំងអស់អោយទៅជាតំបន់ទីផ្សារ និងតំបន់អភិវឌ្ឍ និង ២)ការប្រែក្លាយតំបន់ព្រំដែនកម្ពុជាជាមួយបណ្តាប្រទេសជិតខាង អោយទៅជាតំបន់ដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកោះកុងថា នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវហាយវេ (Hight Way)ដ៏សំខាន់មួយសំរាប់បំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងដែលផ្លូវនេះនឹងត្រូវស្ថាបនាឡើ ងដោយជំនួយសាធារណរដ្ឋកូរ៉េ។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏មានផ្លូវចេញពីខេត្តកោះកុង ទៅតំបន់ ថ្មដា នៃខេត្តពោធិសាត់ និងខេត្តបាត់ដំបងទៀតផង ដើម្បីអោយការធ្វើដំណើររបស់ប្រជាពល រដ្ឋយើង កាន់តែងាយស្រួល និងចំណេញទាំងពេលវេលា និងថវិកា ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអប អរសាទរចំពោះប្រជាពលរដ្ឋរស់នៅក្នុងខេត្តកោះកុងទាំងអស់ ដែលពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មិនអោយយកប្រាក់ពីប្រជាពលដ្ឋក្នុងការធ្វើដំណើរតាមស្ពានកោះកុងនេះ តទៅទៀតដែល នេះជាការរួមចំណែកក្នុងការកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្មួយៗកម្មករ កម្មការិនី និង បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ក៏ដូចប្រជាពលរដ្ឋរស់នៅទូទាំងប្រទេសដែលបាន ចូលរួម បោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីចូលរួមអនុវត្តទៅ តាមលទ្ធិ ប្រជាធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបោះឆ្នោឲ្យគណបក្សប្រជាជនកម្ពុជាដើម្បី រួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចតេជោនៅតែបន្ត ចុះជួបសួរសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទោះបីក្នុងលក្ខ័ណណាក៏ដោយគឺ សម្តេចតេជោ មិនទៅណាចោលប្រជាពលរដ្ឋកម្ពុជានោះឡើយ។

ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោម ៖

១) ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៩ គឺ ១៨២ ដុល្លារ បើក្រុមហ៊ុន ផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ និងបើកប្រាក់ខែ ២ដង ក្នុងមួយខែ។

២) ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។

៣) ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។

៤) ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។

៥) អនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៦) អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹក តភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។

៧) អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយៗកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត) ហើយ។

៨) អនុវត្តចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេស ជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។

៩) ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។

១០) ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី ទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន ៥៤៦នាក់ ផងដែរ ៕


ចែករំលែក៖