ព័ត៌មានទាន់ហេតុការណ៍៖

ទៅឌុបនារីខារ៉ាអូខេមកច្រៀង ត្រូវក្រុមជើងកាង ព្រួតវាយនៅព្រែកប្រា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាស្រាវជ្រាវចាប់ខ្លួនបានពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីនេះកើតឡើងតាំងពីវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ។ បន្ទាប់ពីទទួលពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់នៅវេលាម៉ោង១១,៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំនុចមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងនោះសមត្ថកិច្ចរកឃើញថ្នាំញៀន៤កញ្ចប់តូចដែលជនសង្ស័យរក្សាទុកដោយខុសច្បាប់ ។

ជនសង្ស័យឈ្មោះ អាប់ ឌុលរ៉ូហ្សិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកបក្ខពួកជនសង្ស័យ៣នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។

ជនរងគ្រោះឈ្មោះ សួន សុខណូ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេសម្រស់បុប្ផា១ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រងរបួសស្រាល ។

តាមប្រភពពត៍មានបានអោយដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ម៉ោង០២ និង០០នាទី រំលងអធ្រាត្រ ជនរងគ្រោះត្រូវបានថៅកែខា រ៉ាអូខេប្រើឲ្យជិះម៉ូតូទៅយកនារីនៅខារ៉ាអូខេសម្រស់បុប្ផា២ ពេលទៅដល់ក៏ជួបជនសង្ស័យ៤នាក់ ឈ្មោះ អាប់ឌុល រ៉ូហ្សិត, ឈ្មោះ ហ្វី, ឈ្មោះ អី និងឈ្មោះហ្វា កំពុងផឹកស្រានៅចំណុចកើតហេតុ រួចជនសង្ស័យឈ្មោះ អាប់ឌុល រ៉ូហ្សិត បាន បក់ដៃហៅជនរងគ្រោះឲ្យមកជួបសួរថា អ្ហែងកាងស្រីនៅទីនេះមែនឬ? ជនរងគ្រោះឆ្លើយថា មិនមែនកាងស្រីទេ ថៅកែឲ្យមកដឹកនារីនៅទីនេះ ។ ភ្លាមនោះជនសង្ស័យទាំង០៤នាក់ មានខ្លះដកខ្សែក្រវ៉ាត់វាយជនរងគ្រោះ បណ្តាលឲ្យរបួសកដៃខាងស្តាំ ក្រោមក្លៀកខាងស្តាំ កែងដៃខាងឆ្វេង និងថ្ពាល់ខាងស្តាំ រួចនាំគ្នារត់គេចខ្លួនបាត់អស់ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា។ លុះដល់ម៉ោង១១ និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អាប់ឌុល រ៉ូហ្សិត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងត្រួតពិនិត្យ លើខ្លួនជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០៤កញ្ចប់ថង់តូច រួចក៏បញ្ជូនជនសង្ស័យ រួម និងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕ សណ្តោស


ចែករំលែក៖