ព័ត៌មានទាន់ហេតុការណ៍៖

កំពុងជិះម៉ូតូដឹកប្រពន្ធចេញពីធ្វើការ ត្រូវជនសង្ស័យ២នាក់ឆក់យកកាបូបស្ពាយទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់ ខណៈដែរប្តីកំពុងតែជិះម៉ូតូដឹកចេញពីកន្លែងធ្វើការបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ហេតុការណ៍ឆក់កាបូបខាងលើនេះ បានកើតឡើង​កាលពីវេលា​ម៉ោង​១០យប់​ថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​ ត្រង់ចំណុចក្បែរមន្ទីរពេទ្យ​ព្រះកុសុមៈ​​ តាមបណ្ដោយ​ផ្លូវ​លេខ១៥៦ កែង​និង​​ផ្លូវលេខ​២៦៥​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួលគោក​ ។

តាមសម្តីបុរសជាប្តីជនរងគ្រោះ​​ បានឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គាត់​និងប្រពន្ធបាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយហ្ស៊ីយគីស្មាក់រេវ៉ូ​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1BZ-5669 ​​ចេញ​ពី​កន្លែង​ធ្វើការ​នៅ​ម្តុំ​ខាងក្រោយ​ព្រះបរមរាជវាំង​ បំណង​​ត្រលប់ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ទឹកថ្លា​ ដោយធ្វើដំណើរតាមបណ្ដោយ​ផ្លូវ​លេខ១៥៦ពី​កើត​ទៅ​លិច ​។ លុះមកដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង ​បានបើក​បត់​ឆ្លងផ្លូវ​នៅ​ខាង​មុខ​ ខណៈនោះ​គាត់​ក៏​បាន​បន្ថយ​ល្បឿន​ម៉ូតូ​បម្រុង​ឈប់​ ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ​២​នាក់ ​ជិះម៉ូតូមួយ​គ្រឿង​ម៉ាក​ MSX មិនចាំស្លាកលេខ​ ជិះមកពី​ក្រោយ​ម៉ូតូ​របស់​គាត់ រួច​ធ្វើ​សកម្មភាព​ឆក់កាបូប​ពីប្រពន្ធ ដែល​កាន់​ក្តោប​ដាក់​ពីមុខ​បាន​សម្រេច ​បណ្តាលឲ្យ​ប្រពន្ធគាត់ធ្លាក់​ពី​លើ​ម៉ូតូ​រង​របួស​ស្រា​ល​ ។ ចំណែកជនសង្ស័យ​បាន​បន្ថែម​ល្បឿន ​ជិះរត់​គេច​ខ្លួន​បាត់​ស្រមោល​​​ ។ សម្ភារបាត់បង់នៅក្នុង​កាបូប​របស់​ជនរងគ្រោះនោះមាន​៖ លុយ​ដុល្លារ​ជិត​៥០ដុល្លារ​ ​អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក​ និង​សម្ភារៈមួយ​ចំនួន​ទៀត​ ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​ពីរ​ប្តី​ប្រពន្ធ ​បានទៅ​ដាក់​ពាក្យ​បន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទឹកល្អក់​ទី​២ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយអន្តរាគមន៍ស្រាវជ្រាវ​តាមចាប់​ជន​សង្ស័យទាំងនោះ ​យក​មក​ផ្តន្ទា​ទោស​តាម​​ច្បាប់​ ៕ ស តារា


ចែករំលែក៖