កាលពីថ្ងៃទី១២ ខែមីនា កម្លាំងប្រឆាំងគ្រឿងញៀន ប្រទេស ប៉េរូ បានប្រកាសថា ចាប់បានគ្រឿងញៀនកូកាអ៊ីនដល់ទៅ ២១៣៤ គីឡូក្រាម មានតម្លៃ ៦១លានដុល្លារ អាមេរិក ។ ការចាប់គ្រឿងញៀនខាងលើធ្វើឡើងក្នុងយុទ្ធនាការ ប្រឆាំងគ្រឿងញៀនឆ្លងដែនជាទ្រង់ទ្រាយធំរបស់ប៉េរូ ។
នៅក្នុងសន្និសីទកាសែតជាផ្លូវការ អគ្គមេបញ្ជាការកម្លាំងប៉ូលិស ជាតិ ប៉េរូ លោក Jose Luis Lavalle បានបញ្ជាក់ថា ក្រុមជួញដូរគ្រឿងញៀនមានឈ្មោះ Simbad ដែលមានសមាជិក ជនជាតិប៉េរូ និង ម៉ិចស៊ីកូ ធ្វើសកម្មភាពនៅតំបន់ភាគខាងជើងប្រទេសនេះ។
ក្រោយរយៈពេលជាច្រើនថ្ងៃស្រាវជ្រាវ កម្លាំងប៉ូលិស បានតាមប្រម៉ាញ ហើយចាប់បានរថយន្ត មួយគ្រឿងដឹកគ្រឿងញៀន នៅក្នុងខេត្ត Piura ។ ក្នុងយុទ្ធនាការខាងលើប៉ូលិសចាប់បានក្រុមជួញដូរ គ្រឿងញៀន៧នាក់ ជាសមាជិក ក្រុម Simbad មានអាយុចាប់ពី៣៦ដល់៥១ឆ្នាំ។ក្រុមជួញដូរគ្រឿងញៀននេះមាន ទំនាក់ទំនងជិតស្និតជាមួយ ក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសកូឡំប៊ី និង ម៉ិចស៊ីកូ ។ ភាគច្រើនគ្រឿងញៀនបានបញ្ជូនទៅកាន់អាមេរិក តាមផ្លូវ ទឹក ។
ចរាចរណ៍គ្រឿងញៀននៅលើពិភពលោកកើនឡើងខ្ពស់ រយៈពេលចុងក្រោយនេះ ដោយមានការជួញដូរធំៗជាច្រើនត្រូវកម្លាំងប៉ូលិសបំបែក នៅប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាមេរិក ឡាទីន អាមេរិកកណ្តាល ក្នុងនោះមានប្រទេសកូឡំប៊ី ម៉ិចស៊ីកូ អាហ្សង់ទីន និងប៉េរូជាដើម ៕