ព័ត៌មានទាន់ហេតុការណ៍៖

យុវជនមួយក្រុមព្រួតវាយបុរសម្នាក់បណ្ដាលឲ្យស្លាប់នៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជន២នាក់បបួលគ្នាមួយក្រុមនាំគ្នាព្រួតវាយបុរសម្នាក់រហូតបាត់បង់ជីវិតនៅកន្លែងកើតហេតុ ព្រោះខឹងជនរងគ្រោះមានសភាពស្រវឹងស្រារករឿង និងវាយដំមកលើខ្លួនមុន ខណៈកំពុងបរិភោគមីហិរ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ រួមទាំងបក្ខពួកពុំទាន់ស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា កន្លងមក បុរសជនរងគ្រោះគឺមនុស្សប្រើប្រាស់គ្រឿងញៀន និងតែងប្រើអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់ ក៏ដូចជាដើរបង្កររករឿងប្រជាពលរដ្ឋជិតខាងជាអ្នកលក់ដូរដូចគ្នាផងដែរ ។ លុះមកដល់ថ្ងៃកើតហេតុ យុវជនសង្ស័យ២នាក់ បាននាំគ្នាចូលបរិភោគមីហិរនៅដែលមានទីតាំងនៅជិតផ្ទះជនរងគ្រោះ ខណៈដែលកំពុងបរិភោគក៏ស្រាប់តែជនរងគ្រោះពុំដឹងជាមកពីណា មានសភាពស្រវឹងស្រា ដើរសំដៅមករកជនសង្ស័យទាំង២នាក់ ខណះកំពុងបរិភោគមីហិរ រួចរករឿង និងវាយទៅលើយុវជនសង្ស័យ ជាហេតុធ្វើឲ្យយុវជនសង្ស័យទាំង២នាក់ខឹង ក៏ជិះម៉ូតូចេញទៅក្រៅបាត់ លុះរយះពេល១៥នាទីក្រោយមក ក៏ស្រាប់តែជនសង្ស័យ២នាក់បានត្រឡប់មកវិញ ដោយមានបក្ខពួក៥នាក់ ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវ ដំបង និងដែកបំពង់ទីប មកព្រួតវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសជាទម្ងន់ រហូតស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីនគរបាលស្រុកទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការពិនិត្យ និងកសាងសំណុំរឿងស្រាវជ្រាវដើម្បីរកជនសង្ស័យចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖