ភ្នំពេញ៖ បើកម៉ូតូតាមផ្លូវប៉ះគ្នាតិចតួចកើតជាជម្លោះបង្កហិង្សាវាយគ្នា រួចចាក់យុវជនម្នាក់ចំដើមទ្រូង ឈាមហូរស្រោចខ្លួន ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវម៉ៅសេទុង (ស្តុបសន្ធរម៉ុក) ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ និងមិត្តភក្តិម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកយ៉ម៉ាហា ហ្វីណូ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ1CW-9188 ។ លុះមកដល់ខាងមុខវិទ្យាល័យសន្ធរម៉ុក ម៉ូតូរបស់ជនរងគ្រោះ ក៏បានជិះទៅប៉ះពារបន្តិចបន្តួចជាមួយ និងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ដែលបើកបរដោយយុវជនពីរនាក់មិនស្គាល់អត្តសញ្ញាណ ហើយមើលមុខឌឺដងដាក់គ្នាទៅវិញទៅមក ក៏កើតជាជម្លោះរហូតឈានទៅដល់ការប្រើអំពើហិង្សាវាយតប់គ្នាតែម្ដង ។
ភ្លាមនោះក៏មានយុវជនម្នាក់ ក្នុងចំណោមពីរនាក់ បានយកដែកចុងស្រួចចាក់ទៅលើបុរសរងគ្រោះចំដើមទ្រូងខាងឆ្វេង បណ្តោយឲ្យរងរបួសឈាមហូរស្រោចខ្លួន។ ភ្លាមៗយុវជនដៃដល់រួមទាំងបក្ខពួកក៏បាននាំគ្នា ជិះម៉ូតូរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ចុះទៅអន្តរាគមន៍ដល់កន្លែងកើត ស្រាប់តែមិត្តភក្តិម្នាក់របស់បុរសរងគ្រោះ បានព្យាយាមជិះម៉ូតូដឹកជនរងគ្រោះគេចពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ច ជិះដេញតាមឃាត់ដើម្បីសួរនាំ។
បន្ទាប់ពីកើតហេតុយុវជនរងគ្រោះ ត្រូវបានមិត្តភក្តិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយមិត្តភក្តិដែលរួមដំណើរជាមួយត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហើយឲ្យដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវវែកមុខជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជ្រោយពេជ្រ