ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់វ័យក្មេង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីទទួលទោស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេង២នាក់ (ជាសិស្សសាលាបឋមសិក្សាសន្សំកុសល) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ស មិនបានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងជើងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សួស រ៉ាណេត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងទី២-ឈ្មោះ យក់ ប្រាវីត ហៅ ដែត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាបឋមសិក្សាសន្សំកុសល ថ្នាក់ទី៦ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ ចំណែកវត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨ លេខតួ-លេខម៉ាស៊ីន ៥១៣៣២៣២ ពាក់ស្លាកលេខ ភ្នំពេញ ១GS-៧០៣៣ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖