ព័ត៌មានទាន់ហេតុការណ៍៖

បំផ្លាញទ្រព្យសម្បត្ដិនិងរករឿងក្នុងផ្ទះច្រើនដងពេកឪពុកម្ដាយទ្រាំពុំបានប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ត្រូវបានឪពុកម្ដាយសម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាលឲ្យធ្វើការចាប់ខ្លួន ដោយទ្រាំទង្វើររបស់យុវជនសង្ស័យ(ជាកូន)ពុំបាន ក្រោយពីធ្វើសកម្មភាពរករឿងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាញឹកញាប់ និងមិនត្រឹមតែប៉ុណ្ណោះយុវជនសង្ស័យបានយកម៉ូតូដុតបំផ្លាញចោលខូចខាតទាំងស្រុងទៀតផង ។ ករណីខាងលើនេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ វុទ្ធី មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ិន វណ្ណា ភេទ ស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ។ យុវជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកសម្ភារះខូចខាតមាន៖ ម៉ូតូ១គ្រឿង និងចំណីសត្វជ្រូក៥បាវ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឪពុកម្ដាយយុវជនសង្ស័យបានឲ្យដឹងថា កន្លងមកយុវជនសង្ស៏យជាកូនបង្កើតរបស់ជនរងគ្រោះ តែងបានបង្ករហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ដូចជា៖ ចាន ឆ្នាំង វិទ្យុ ទូរទស្សន៍…ជាដើម និងពុំស្ដាប់ការអប់រំទូន្មានរបស់ឪពុកម្ដាយទេ ។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី យុវជនសង្ស័យឈ្មោះ វុទ្ធី មករា បានរអ៊ូរទាំក្នុងផ្ទះនិងបានយករករឿងឪពុកម្ដាយ និងបានយកចំណីសត្វជ្រូកចំនួន៥បាវ ទៅបោះចោលក្នុងទឹកព្រែក មិនត្រឹមតែប៉ុណ្ណោះបានយកកូនកាំបិត គប់ជញ្ជាំងផ្ទះទៀត លុះមកដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល យុវជនសង្ស័យរូបនេះ បានយកម៉ូតូរបស់ឪពុកម្ដាយ១គ្រឿង ដុតបំផ្លាញចោលខូចខាតទាំងស្រុង ដេលជាហេតុធ្វើឲ្យរូបគាត់ជាម្ដាយឪពុកទ្រាំនឹងទង្វើរបស់កូនពុំបាន ក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាលស្រុក ឲ្យធ្វើការចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីសមត្ថកិច្ចនគរបាលស្រុកទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះជាម្ដាយរួចមក នគរបាលជំនាញស្រុកកោះធំ បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ ធ្វើតេស្ដទឹកនោម ជាលទ្ធផលវិជ្ជមាន (មានសារធាតុញៀន) ៕ ស្អាងជ័យ


ចែករំលែក៖